
ភ្នំពេញ៖ លោក ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ រួមជាមួយតំណាងនាយកដ្ឋានដំណាំស្រូវ និង លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុក បានចុះជួបជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនការប្រមូលទិញស្រូវពីប្រជាកសិករ។
ម្ចាស់រោងម៉ាស៊ីធំៗដែលត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួបនោះ រួមមានៈ រោងម៉ាស៊ីស្រូវ ស៊ីវ ឡាយ រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីនកិនស្រូវ ភាគ ឈួយ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីក្តាប់បានព័ត៌មានពីទីផ្សារស្រូវ និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយបង្កើនការប្រមូលទិញស្រូវរបស់ប្រជាកសិករបន្ថែមទៀត ដើម្បីកុំឱ្យមានការកកស្ទះ។
នៅក្នុងកិច្ចជំនួបនោះដែរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗទាំងបីនេះ បានលើកឡើងថា «រយៈកាលកន្លងមកក៏ដូចជាពេលនេះ ពួកគាត់តែងតែជួយសម្រួលក្នុងការប្រមូលទិញស្រូវរបស់ប្រជាកសិករ និងមិនដែលឱ្យមានការលំបាកទេ ដោយរោងម៉ាស៊ីនជួយទិញទាំងអស់ ហើយសន្យានឹងបន្តជួយសម្រួលក្នុងការប្រមូលទិញស្រូវពីប្រជាកសិករបន្តទៀត»៕


