2025-08-19 16:51
16

ព្រះសីហនុ៖ បន្ទាប់ពីបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន ដែលបង្កឡើងដោយ ក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុននេះ។

ក្រសួងបរិស្ថាន បានធ្វើការពិន័យអន្ដរការណ៍ករណី ពុំមានកិច្ចសន្យា ការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញ សំណល់ ល្មើសនឹងមាត្រា ៦៥៤ មាត្រា ៦៦៨ មាត្រា ១៧៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងត្រូវរៀបចំកិច្ចសន្យា ការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិត អនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន។ ត្រូវដំណើរការប្រព័ន្ធសម្អាតផ្សែងឡចំហាយឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជាប់ជាប្រចាំ និង ត្រូវរៀបចំ និងចោះបំពង់ផ្សែងចេញពីឡចំហុយឥដ្ឋសម្រាប់ក្រុមការងារធ្វើការវាស់គុណភាពខ្យល់ចេញពីបំពង់ផ្សែង។

ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថាន បន្តសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ តាមដានវិធានការច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនអនុវត្តចាប់ពីពេលនេះ រហូតដល់ក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ និងបទដ្ឋានបរិស្ថានដើម្បី ទប់ស្កាត់កុំឱ្យមានការបំពុលបន្តទៀតផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន  ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយ ក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ក្រុមហ៊ុននេះ ជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារសំណង់ (ផលិតឥដ្ឋ) មានបុគ្គលិក និងកម្មករប្រមាណ ៥០ នាក់ និងបើកដំណើរការនៅឆ្នាំ២០១៩។ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនបានដំណើរការកន្លងមកនេះ ពុំទាន់មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងបរិស្ថាននៅឡើយ។ នៅផ្នែកខាងក្រៅក្រុមហ៊ុន មានផ្សែងចេញពីបំពង់ផ្សែងពណ៌ក្រម៉ៅពុំមានក្លិននោះទេ។ 

ដោយឡែកនៅក្នុងទីតាំង ក្រុមហ៊ុនប្រើប្រាស់ឡចំហាយ ចំនួន ០១ មានសមត្ថភាព ១០តោន/ម៉ោង ប្រើប្រាស់ Biomass Pellets ក្នុងបរិមាណប្រហែល ១០តោន/ថ្ងៃ និងបានបំពាក់នូវប្រព័ន្ធ Cyclone សម្រាប់សម្អាតផ្សែង និងមានឡសម្រាប់ចំហុយឥដ្ឋ ចំនួន ០៨ គ្រឿង។ ក្រុមការងារបន្តពិនិត្យគុណភាពខ្យល់នៅកន្លែងឡចំហុយឥដ្ឋរបស់ក្រុមហ៊ុន ដែលបំពង់ផ្សែងពុំមានចោះរន្ធ និងមានសភាពក្ដៅខ្លាំង នៅពេលដំណើរការផលិតកម្ម៕