
ថៃ៖ ទីបំផុត! ទង្វើអមនុស្សធម៌របស់យោធាថៃ មិនអាចលាក់បាំងភ្នែកអន្តរជាតិ បានចេញមុខទទួលស្គាល់ថា ក្នុងកំឡុងពេលមានជម្លោះប្រដាប់អាវុធជាមួយកម្ពុជានៅតំបន់ព្រំដែន ខ្លួនពិតជាបានប្រើប្រាស់សារធាតុគីមី “ផូស្វ័រពណ៌ស” បាញ់លើកងទ័ពកម្ពុជាមែន។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ វិនថៃ ស៊ូវ៉ារី បានចេញមុខទទួលស្គាល់ការប្រើប្រាស់សារធាតុគីមី “ផូស្វ័រពណ៌ស” នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ Thai Enquire ដកស្រង់សម្តីមកចុះផ្សាយនៅថ្ងៃនេះផងដែរ។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយថា កងទ័ពថៃបានប្រើសារធាតុគីមី “ផូស្វ័រពណ៌ស” ក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពកម្ពុជា ចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា។ អ្នកនាំពាក្យរូបនេះ និយាយដើម្បីការពារភាពអាម៉ាស់របស់ខ្លួនទាំងមិនខ្មាសមាត់ថា “ថៃបានប្រើប្រាស់ផូស្វ័រពណ៌ស គោរពតាមច្បាប់អន្តរជាតិ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌”។
ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ លោក ហេង រតនា អគ្គនាយកអង្គភាព «ស៊ីម៉ាក់» បានបញ្ជាក់ថា អំឡុងការឈ្លានពានលើប្រទេសកម្ពុជា ភាគីថៃបានប្រើគ្រាប់ផ្សែងពុល និងចំហេះបាញ់តាមយន្តហោះ ដ្រូន និងគ្រាប់កាំភ្លើងផ្លោង ប្រភេទ ១៥៥ មម គ្រាប់ផ្លោងមួយចំនួន មានប្រភេទ White sposphorus (WP)។ ក្រៅពីនេះ ថៃបានប្រើគ្រាប់បែកទម្លាក់ពីយន្តហោះធុនធ្ងន់ ដូចជា MK-82 និង MK-84 តាមរយ:យន្តហោះចម្បាំង F-16 និង Gripen, គ្រាប់បែកចង្កោមបាញ់ពីគ្រាប់ផ្លោង ១៥៥មម ប្រភេទ M46 និង M85 និងគ្រាប់មិនទាន់ផ្ទុះទូទៅ។
ចំពោះមុខ និងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃ បានប្រើប្រាស់ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាទាំងនេះ បានផ្ដល់ផលប៉ះពាល់ទៅលើទីតាំងភូមិឋានប្រជាជន តំបន់ព្រំដែន មន្ទីរពេទ្យ សាលារៀន វត្តអារាម និងប្រាសាទទាំងឡាយ ដូចជាប្រាសាទតាមាន់, ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ជាសម្បត្តិបបេតិកភ័ណ្ឌពិភពលោកជាដើម។
សូមបញ្ជាក់ថា ការប្រើប្រាស់យន្តហោះបាញ់ផ្សែងពុលរបស់ថៃមកលើកម្ពុជា ក្នុងកំឡុងពេលប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរយៈពេល៥ថ្ងៃកន្លងទៅ នៅតាមព្រំដែនកម្ពុជា និងថៃ គឺជាការបំពានក្នុងលក្ខខណ្ឌអនុសញ្ញាអន្តរជាតិ ដែលមានប្រភេទគ្រាប់បែកគីមី ឬសារធាតុគីមីមួយចំនួន ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ពេលសង្រ្គាមឡើយ។
សូមបញ្ជាក់ថា ផូស្វ័រពណ៌ស គឺជាសារធាតុគីមីម្យ៉ាង បង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ ពេលវាឆេះពិបាកក្នុងការពន្លត់ ផ្សែងមានប្រតិកម្មជាមួយកែវភ្នែក ផ្លូវដង្ហើម និងឆ្អឹងផងដែរ ដោយសារតែវត្តមានរបស់អាស៊ីតផូស្វ័រ និងផូស្វ័រ៕

