2025-08-19 08:51
38

តាកែវ៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានស៊ើបអង្កេតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមដាវសាំមូរ៉ៃ និងកាំបិតផ្គាក់ ចំនួន ០៥ នាក់ ក្នុងចំណោមបក្ខពួកប្រមាណ ២០នាក់ ក្រោយធ្វើសកម្មភាពដេញកាប់បំផ្លាញម៉ូតូយុវជនរងគ្រោះមួយគ្រឿងនៅផ្លូវជាតិលេខ៣ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។ 

អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួន គឺជាមុខសញ្ញាក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពម៉ូតូបាន ចំនួន ០៣ គ្រឿង និងដកហូតវត្ថុតាងដាវសាំមូរ៉ៃ ចំនួន ០១ ដើម កាំបិតប៉័ងតោ ចំនួន ០១ ដើម យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ ក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ (៤៣-៤៤) ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះម្នាក់ មានឈ្មោះ អៀង មាស ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ ០១ គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១LD-៩៥៧៦ ខណៈពេលដែលក្រុមជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ៣ និងបានកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាត ក្រោយពីជនរងគ្រោះភ័យហើយរត់គេចខ្លួនចោលម៉ូតូដោយមិនបណ្ដាលឲ្យរងរបួសនោះទេ។ ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។ 

ក្រោយពីធ្វើសកម្មភាពនៅថ្ងៃដដែល កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុក បានបញ្ជាក់កម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវទើបឈាបដល់ការឃាត់ខ្លួនតែម្ដង។

ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជា្រវបន្ត៕