2025-08-18 20:55
45

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះកំណើននៃការគំរាមកំហែងមកលើ បទឈប់បាញ់ ដែលផុយស្រួយ ដោយលើកឡើងពីសកម្មភាពកំពុងប្រព្រឹត្តនានារបស់កងទ័ពថៃ រួមមាន ការចល័តទ័ព ការធ្វើផ្លូវ និងជីកលេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការប្រើប្រាស់ដ្រូនរំលោភ ចូលមកក្នុងដែនអាកាសកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការរាយលួសបន្លា និងដាក់របាំងផ្សេងៗ។ សកម្មភាពទាំងនេះបានរារាំងអ្នកភូមិកម្ពុជាមិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួនផងដែរ។

លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំសង្ខេបព័ត៌មាន ជម្រាបជូនដល់សមាជិកអង្គទូតបរទេសនានា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពី ការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកស្រី អ៊ាត សោភា បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់ឱ្យបានឆាប់នៃលក្ខខណ្ឌប្រតិបត្តិ (TOR)។ ប្រទេសម៉ាឡេស៊ីសម្រាប់តួនាទីបុរេសកម្ម ក្នុងកិច្ចការនេះ និងបានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាដែលថា ពុំមានព្រំដែនអន្តរជាតិណាត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ ព្រមទាំងបានជំរុញដល់ប្រទេសថៃ ឱ្យគោរព និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់នេះ និងដោះស្រាយវិវាទព្រំដែន ដោយផ្អែកតាមច្បាប់អន្តរជាតិ។

លោកស្រី អ៊ាត សោភា បានបដិសេធដាច់អហង្ការលើការចោទប្រកាន់ទាំងឡាយដែលថា កម្ពុជាបានដាក់មីនថ្មី ដោយបានបញ្ជាក់ឡើងវិញពីការប្រកាន់ភ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ា និងការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង។

លោកស្រីរដ្ឋមន្ត្រីស្តីទី បានអះអាងអំពីការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចាប់ផ្តើមប្រតិបត្តិការដោះមីនរួមគ្នាជាមួយប្រទេសថៃ នៅតំបន់ដែលមានខណ្ឌសីមាច្បាស់លាស់ ឬតំបន់មិនមានវិវាទ ដោយសង្កត់ធ្ងន់ថា នៅតំបន់មានវិវាទការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ គឺមានភាពចាំបាច់

ការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់ធានាបាននូវសន្តិភាព និងស្ថេរភាព និងសម្រាប់បង្កើតលក្ខខណ្ឌ ចាំបាច់នានា សម្រាប់គណៈកម្មការចំរុះកិច្ចការព្រំដែនស្តីពីការខ័ណ្ឌសីមាព្រំដែនគោក បន្តការងាររបស់ខ្លួន នៅលើដីជាក់ស្តែង។

លោកស្រី អ៊ាត សោភា ក៏បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំពិសាតែដែលបានរៀបចំធ្វើនៅក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន និងថៃ។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា និងថៃ បានអះអាងសារជាថ្មី អំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការចូលរួម ធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនង និងធ្វើការងារឆ្ពោះទៅរកការបន្តនៃទំនាក់ទំនងជាប្រក្រតីដូចកាលពីដំបូង និងការស្តារស្ថេរភាព តាមបណ្តោយព្រំដែន៕