
ភ្នំពេញ៖ អគ្គនាយកអង្គភាព «ស៊ីម៉ាក់» លោក ហេង រតនា បានថ្លែងថា៖ «ក្នុងរយៈពេលជាង ៣៣ឆ្នាំមកនេះ កម្ពុជាបោសសម្អាតផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ជាង ៤ លានគ្រាប់ ហើយក្នុងនោះយើងបានបោសសម្អាតគ្រាប់មីន ចំនួនជាង ១លាន ២សែនគ្រាប់ ដែលក្នុងកំណត់ត្រាគ្រាប់មីនមានប្រមាណពី៤លានទៅ៦លានគ្រាប់»លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការណ៍អទិភាពច្បាស់លាស់ក្នុងការបោសសម្អាតមីន ដោយដំបូងផ្តោតលើការដោះមីន ដើម្បីទទួលជនភៀសសឹកកម្ពុជាវិលត្រឡប់មកពីព្រំដែនថៃមកកម្ពុជាវិញ ប៉ុន្តែដោយសារផែនការណ៍មានការវិវឌ្ឍន៍ ការផ្លាស់ប្តូរភាពរីកចំរើន នៃសេដ្ឋកិច្ចជាបន្តបន្ទាប់របស់សង្គមជាតិយើងឈានដល់ការដោះមីនគាំទ្រការធភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គម និងការរីកចំរើនរបស់ប្រទេសជាតិវិញ។
លោក ហេង រតនា បានបញ្ជាក់ថា៖ «ការបោសសម្អាតមីនសំខាន់យកមនុស្សជាគោលកន្លែងមានមនុស្សរស់នៅច្រើន តម្រូវការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គម កន្លែងដែលមានតម្រូវការចាំបាច់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ប្រទេសជាតិ»។
ពាក់ព័ន្ធការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់បំផុត ហើយសមិទ្ធផលនេះ មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជា និងជាគំរូក្នុងតំបន់ប៉ុណ្ណោះទេ កម្ពុជាបានផ្លាស់ប្តូបទពិសោធន៍ និងហ្វឹកហ្វឺនដល់ប្រទេសជាច្រើនក្នុងសាកលលោកដែលមានបញ្ហាដោយសារគ្រាប់មីន៕

