2025-08-14 09:26
46

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ ដោយជនរងគ្រោះជនជាតិចិនម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ ចំនួន ០៤ នាក់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី។

តាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១១និង៤០នាទី មានរថយន្ត ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន ១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។

ភ្លាមៗនោះដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តខាងលើ នៅចំណុច ច្រកចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងជនសង្ស័យ ចំនួន ០៤ នាក់ រួមមាន៖ ទី១- ឈ្មោះ ផាត ផល់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ (តៃកុងរថយន្ត), ២- ឈ្មោះ សៀប គីមសាង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ៣- ឈ្មោះ គង់ ដេវីត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ទី៤- ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។

នគរបាលនាយករដ្ឋានព្រហ្មទណ្ឌបានបញ្ជាក់ថា ជនរងគ្រោះដែលក្រុមជនសង្ស័យបានចាប់ខ្លួនមានឈ្មោះ LU HONG GUO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន។

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ពួកពិតជាបានដឹកជនរងគ្រោះខាងលើ តាមរថយន្ត ០១ គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 ពីចំណុចរាជធានីភ្នំពេញ ដើម្បីយកទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមានការបញ្ជាពីមេក្លោងដែលកំពុងរត់គេចខ្លួន។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕