2025-08-13 19:41
57

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានកក់សម្គាល់ចំណុចសំខាន់ ចំនួន ០២ ដើម្បីជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ត្រូវយកចិត្តទុកដាក់ក្នុងចំណោម ១៣ ចំណុច ដែលភាគីទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងសន្នុសីទីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ថា ក្នុងចំណុចសំខាន់២នេះ ក្នុងចំណោម ១៣ ចំណុចនេះ កម្ពុជាបានលើកយកមកធ្វើការបង្ហាញជារៀងរាល់ថ្ងៃផងដែរ។

ត្រង់ចំណុចទី២ នៃកិច្ចព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កាលបីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានចែងថា ភាគីទាំងពីរព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាត ទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ

ត្រង់ចំណុចទី៤ បានចែងថា គីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលអាចនាំឲ្យមានតានតឹង ក្នុងនោះ រួមមាន ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានឲ្យហួសពីទីតាំងរបស់ខ្លួនឡើយ

អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា៖ «ប្រសិនបើភាគីទាំងពីរគោរពចំណុចសំខាន់ខាងលើនេះនោះវាគ្មានបញ្ហាអ្វីកើតឡើងទាំងអស់។ អញ្ចឹងបានជាកងកម្លាំងរបស់កម្ពុជាគោរពខ្ជាបខ្ជួនណាស់ចំពោះលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រាប់ទាំងចំណុចសំខាន់ទាំងពីរនេះផងដែរ ហើយកម្ពុជាតែងតែទទួចឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសម្រេចបានក្នុងកិច្ចប្រជុំ GBC ដើម្បីជៀសវែងមានបញ្ហាព្រមមុខដាក់គ្នា»