2025-08-12 16:52
45

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសរសេរដាក់លិខិត ចំនួន ០២ ច្បាប់ ដាច់ដោយឡែកគ្នា ដាក់ជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីប្រាប់អំពីហានីភ័យកំពុងកើនឡើង និងគំរាមកំហែងលើបទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរវាងកម្ពុជា និងថៃ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅវេលាម៉ោង ១១និង០០នាទីព្រឹង ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ក្នុងលិខិតទាំងពីររបស់ប្រមុខការទូតកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ម្សិលមិញ ដាក់ជូនទៅប្រធានក្រុមប្រឹក្សាសន្តិសុខ UN និងអគ្គលេខាធិការ UN ដោយបានលើកឡើងថា ដូចអ្វីដែលលោកប្រធានក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការ UN បានជ្រាបហើយថា “កម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងកិច្ចប្រជុំពិសេសដែលរៀបចំឡើងដោយម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន សហរៀបចំសហរដ្ឋអាមេរិក និងមានការចូលរួមអង្កេតការណ៍របស់ចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ”។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ក្នុងលិខិតទាំងពីរនោះថា “កិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់ម៉ឺននាក់ដែលបានជម្លៀសចេញពីលំនៅឋាន អាចនឹងបានវិលត្រឡប់ទៅកាន់ទីជម្រករបស់ពួកគេវិញឆាប់ៗនេះ អាចរស់នៅប្រកបដោយសន្តិភាព វិបុលភាពយូអង្វែង”។ កម្ពុជា បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយវិវាទដោយប្រដាប់ធអាវុធរវាងកងទ័ពកម្ពុជា និងថៃ ដែលបានជំរុញឱ្យមានការវិវឌ្ឍន៍ដោយវិជ្ជមាននេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនប្រធានក្រុមប្រឹក្សាសន្តិសុខ UN និងអគ្គលេខាធិការ UN ថា៖ «បទឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមការគំរាមកំហែងដ៏ធ្ងន់ធ្ងរឡើង ដោយកងកម្លាំងយោធាថៃ បន្តបង្កើនការរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះជាការបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងធ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់»។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីយប់រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក កងកម្លាំងយោធាថៃ បានបន្តជ្រាតចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស សាងសង់ផ្លូវថ្មីជាច្រើនកន្លែង។ ក្នុងនោះប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលភាគីទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នា កាលពីថ្ងៃទី២៧ ខែក្កដា ឆ្នាំ២០២៥ និងលើកំណត់ហេតុព្រមព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កងពទ័ពថៃ បានជ្រាតចូលដោយខុសច្បាប់ និងធ្វើសកម្មភាពនៅតំបន់អានសេះ ខេត្តព្រះវិហារ ដោយរាយបន្លាលួស រុះរើផ្ទះប្រជាជនកម្ពុជា និងប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ជីកសាងសង់លេណដ្ឋានជាច្រើនកន្លែង។

ក្នុងលិខិតរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ដាក់ជូនប្រធានក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការ UN បានចាត់ទុកថា សកម្មភាពទាំងនេះ វាស្របទៅនឹងការប្រកាសជាសាធារណរបស់មេបញ្ជាការយោធាភូមិភាគទី២ថៃ លោក ប៊ុនស៊ីន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយប្រកាសចូលកាន់កាប់តំបន់ប្រសាទតាក្របី និងបិទប្រាសាទតាមាន់ធំ។ 

ប្រមុខការទូតកម្ពុជា បានរំលេចថា ទីតាំងនៃទង្វើរំលោភបំពានរបស់ភាគីថៃទាំងអស់នោះ គឺស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់ និងខណ្ឌចែកក្នុងផែនទីខ្នាត ១/២០០ ០០០ ដែលផលិតដោយគណៈកម្មាចម្រុះបារាំង-សៀម អនុឡោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ និងសន្ធិសញ្ញាចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ហើយផែនទីទាំងនេះ ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា និងថៃ ហើយយកធ្វើជាមូលដ្ឋានយ៉ាងច្បាស់ក្នុងសាលដីកាយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដោយបានចូលជាស្ថារពស្របតាមមាត្រា ៦០ នៃលក្ខន្តិកៈរបស់តុលាការ ICJ និងមាត្រា ៩៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យរាជរដ្ឋាភិបាលថៃ និងកងកម្លាំងប្រដាប់អាវុធថៃ ដូចតទៅ៖ ទី១- បញ្ឈប់ជាបន្ទាន់រាល់ការឈ្លានពាន ការកាន់កាប់ខុសច្បាប់ និងសកម្មភាពផ្សេងទៀត ដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ទី២- ដកកងកម្លាំងយោធា និងឧបករណ៍យោធាថៃទាំងអស់ចេញពីទឹកដីកម្ពុជា ត្រឡប់ទៅកាន់ទីតាំងស្របតាមព្រំដែនដែលបានកំណត់ឡើងដោយស្របច្បាប់ និង ទី៣- គោរពយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌជាមួយកាតព្វកិច្ចទ្វេភាគី និងអន្តរជាតិទាំងអស់ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចព្រមព្រៀង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជាប់លាប់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះរាល់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ មានភាពម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់ខ្លួន ដែលព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធឡើយ។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យទាំងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាតិ បន្តលើកទឹកចិត្តឱ្យមានការគោរពពេញលេញចំពោះបទឈប់បាញ់ដែលមានភាពផុយស្រួយបំផុតនេះ និងបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនៃអរិភាពប្រដាប់អាវុធ និងវឌ្ឍនភាពឆ្ពោះទៅរកភាពប្រក្រតី។

សូមជម្រាបថា តាមសំណើររបស់កម្ពុជាលិខិតទាំងពីរនេះ នឹងចែកជូនជាផ្លូវការដល់ស្ថានតំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក៕