2025-08-12 12:30
56

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា៖ «មន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់កំពុងចុះស្រាវជ្រាវ និងកំណត់តំបន់រងផលប៉:ពាល់ដោយសារគ្រាប់បែកចង្កោម»។ 

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រេីប្រាស់កាំភ្លេីងធំ ប្រភេទ ១៥៥ មម ជាមួយកូនគ្រាប់បែកចង្កោម ប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន ៥៦។ 

លោកបានបន្ថែមទៀតថា កូនគ្រាប់បែកចង្កោមដែលបាញ់ហេីយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលេីដេីមឈេី ឬលេីដំបូលផ្ទះ ឬលេីដី ឬក្នុងដី ឬក្នុងទឹកជាដេីម។

កម្លាំងអង្គភាព CMAC បានរកឃេីញគ្រាប់បែកខាងលេីនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វេីការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

អគ្គនាយកស៊ីម៉ាក់ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រេីប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេស ចំនួន ១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។ 

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃេីញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពសុីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដេីម្បីជួយដោះស្រាយជូន៕