2025-08-12 11:37
55

ភ្នំពេញ៖ មុននឹងបញ្ចប់សន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអង្គារ ទី១២ ខែសីហានេះ ជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរដ្ឋាភិបាលថៃ ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា “បានដាក់គ្រាប់មីនថ្មី” ហើយនិយាយថា ពួកគេកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅកាន់តុលារការ ICC។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា «ផែនការរបស់ភាគីថៃប្ដឹងកម្ពុជាទៅតុលាការ ICC ដោយចោទកម្ពុជាថា បានដាក់បង្កប់មីនថ្មី គឺជាការចោទដែលគ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេតពីអ្នកជំនាញឯករាជ្យណាដែលគួរឱ្យទុកចិត្តបានឡើយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានកត់សម្គាល់ថា វាមិនមែនជារឿងថ្មីនោះឡើយ ដែលថៃចោទប្រកាន់កម្ពុជា ដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះ។ ម្យ៉ាងទៀត បញ្ហាមីននេះ ក៏ត្រូវបានកម្ពុជាបញ្ជាក់ជាច្រើនលើកច្រើនសាកន្លងមកហើយផងដែរ។ ចំពោះការចោទប្រកាន់ខាងលើនេះ គឺគ្មានអ្វីក្រៅពីក្នុងគោលបំណងបំផ្លាញមុខមាត់កម្ពុជា។

លោក ប៉ែន បូណា បញ្ជាក់ថា ទី១៖ អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA) ធ្លាប់បានផ្តល់ការពន្យល់យ៉ាងច្បាស់លាស់រួចហើយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដោយបដិសេធការចោទប្រកាន់ដែលគ្មានមូលដ្ឋាននេះ។ រហូតមកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងគួរឱ្យទុកចិត្តណាមួយត្រូវបានធ្វើឡើងចំពោះឧប្បត្តិហេតុដែលភាគីថៃ បានលើកឡើងនោះទេ។ កម្ពុជាអំពាវនាវឱ្យមានការអត់ធ្មត់ និងជៀសវាងការចោទប្រកាន់ជាសាធារណៈមុនពេលកំណត់ ដែលនាំឱ្យមានបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក និងបំផ្លាញស្មារតីនៃបទឈប់បាញ់ ត្រូវចូលរួមក្នុងន័យស្ថាបនា។

ទី២៖ ចាប់តាំងពីក្លាយជារដ្ឋភាគីអនុញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវអនុសញ្ញានេះមិនដែលប្រើប្រាស់មីនថ្មីឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣លានគ្រាប់ផ្សេងទៀត ចេញពីទឹកដីរបស់ខ្លួន ដែលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនមនុស្សធម៌ទាំងក្នុង និងក្រៅប្រទេស រួមទាំងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

ទី៣៖ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះគ្រប់ចំណុចនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងលើកទឹកចិត្តឱ្យប្រទេសថៃគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នេះផងដែរ៕