2025-08-12 11:05
52

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ  បានបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងដែលបានឯកភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដោយត្រូវបញ្ចូនយោធិនទាំង១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ដ៏ខុសច្បាប់មកកម្ពុជាឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់បានជួបជុំគ្រួសារវិញ។ 

ការអំពាវសារជាថ្មីរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានរំលេចនូវចំណុចសំខាន់មួយក្នុងចំណោមចំណុចផ្សេងៗទៀត មានក្នុងខ្លឹមសារ ក៏ដូចជាស្មារតីដែលភាគីទាំងពីរបានឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ គឺ “ភាគីទាំងពីរបានយល់ព្រមអនុវត្តតាមច្បាប់មនុស៌្សធមអន្តរជាតិ ក្នុងការព្យាបាលទាហានដែលត្រូវបានចាប់ខ្លួន រួមទាំងស្ថានភាពរស់នៅ ជម្រកស្នាក់នៅ ម្ហូបអាហារ និងការថែទាំសុខភាពរបស់ពួកគេក្នុងករណីមានរបួស”។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា “ប្រសិនបើភាគីណាមួយចង់នាំយកទាហាន ឬ ជនស៊ីវិលដែលរងរបួសរបស់ខ្លួនមកព្យាបាលដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀត នោះភាគីទទួលអាចកំណត់ការឆ្លើយតបរបស់ខ្លួនដោយផ្អែកលើសមត្ថភាពនៃមណ្ឌលផ្តល់សេវាផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន រួមទាំងឧបករណ៍ដែលមាន បុគ្គលិកពេទ្យ ឬក្រមសីលធម៌វេជ្ជសាស្ត្រតាមករណីនីមួយៗ”។

ចំពោះទាហានដែលត្រូវបានចាប់ខ្លួន នឹងត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ បន្ទាប់ពីការបញ្ឈប់អរិយភាព ស្របតាមមាត្រា ១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវលើកទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨(A) នៃច្បាប់មនុស៌្សធម៌អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មាន និងជួយសម្រួលដល់ការវិលត្រឡប់ប្រកបដោយសេចក្តីថ្លៃថ្នូរ និងទាន់ពេលវេលារបស់បុគ្គលដែលបានស្លាប់នៅទីតាំងដែលបានព្រមព្រៀងគ្នាដោយគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស៌្សធ៌ម និងយុត្តាធិការដោយមិនឆ្លងកាត់ព្រំដែន និងធានាថាវិធានការសមស្របត្រូវបានអនុវត្ត ដើម្បីកំណត់អត្តសញ្ញាណ និងគ្រប់គ្រងអ្នកស្លាប់ក្រោមលក្ខខណ្ឌអនាម័យ និងការគោរព ដើម្បីជៀសវាងសាកសពអ្នកស្លាប់ណាមួយបាត់ខ្លួនក្នុងការស្លាប់នេះ។

ក្នុងស្មារតីនេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យប្រទេសថៃ អនុវត្តកិច្ចព្រមព្រៀងខាងលើ និងបញ្ជូនទាហានកម្ពុជាទាំង១៨រូប ដែលត្រូវបានឃុំខ្លួនក្រោយបទឈប់បាញ់ដែលមកដល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដើម្បីឱ្យពួកគេបានជួបជុំក្រុមគ្រួសាររបស់ពួកគេដែលកំពុងរង់ចាំដោយស្មោះត្រង់ សម្រាប់ការវិលត្រឡប់មកវិញទាំងយប់ទាំងថ្ងៃ។ លើសពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណចំពោះប្រទេសជាដៃគូ និងអង្គការអន្តរជាតិជាច្រើន ដែលបានអំពាវនាវម្តងហើយម្តងទៀត ឱ្យភាគីថៃដោះលែងទាហានរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងប្តេជ្ញាធានាថា គ្មានបុគ្គលិកយោធាណាម្នាក់ត្រូវបានទុកចោល ឬបោះបង់ចោលឡើយ៕