2025-08-12 10:25
52

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ (RBC) កំពុងរៀបចំកិច្ចប្រជុំជាមួយភាគីថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ កិច្ចប្រជុំនេះ ស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងមកនេះ នៅទីក្រុងកូឡាឡាំពួរ។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំ RBC នេះ នឹងរួមចំណែកជាវិជ្ជមានដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយនឹងជួយស្តារនូវសន្តិភាព សន្តិសុខ ស្ថិរភាព និងភាពប្រក្រតីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា គ្រប់បញ្ហាព្រំដែនមិនអាចផ្លាស់ប្តូរបាន តាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

កម្ពុជា សូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេ របស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់យ៉ាងខ្ជាប់ខ្ជួន នូវរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ដូចជាស្មារតី និងខ្លឹមសារដែលបានសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការក្នុងន័យស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី ប្រទេសសមាជិកអាស៊ានផ្សេងទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕