
ព្រះវិហារ៖ ប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងខេត្តព្រះវិហារ បានបន្ដចាកចេញពីមណ្ឌលសុវត្ថិភាព ធ្វើដំណើរទៅកាន់លំនៅដ្ឋានរៀងៗខ្លួនជាបន្ដបន្ទាប់ ដើម្បីបង្កបង្កើនផល ព្រមទាំងប្រកបអាជីវកម្ម និងមុខរបរជាប្រក្រតីឡើងវិញ ក្រោយបទឈប់បាញ់ចូលជាធរមាន និងសភាពការណ៍ស្ងប់ស្ងាត់ អាចទុកចិត្តបាន។ នេះបើការបញ្ជាក់របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែសីហានេះ។
អភិបាលខេត្តព្រះវិហារ បានលើកឡើងថា៖ «ការសម្រេចចិត្តវិលត្រឡប់របស់ពួកគាត់ កើតឡើងក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ សម្រេចបានកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ»។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះវិហារ បានង្ហាញថា មានប្រជាពលរដ្ឋ ចំនួន ០៧ ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីភូមិ-ឃុំសរុបចំនួន ១៣,១៦០ គ្រួសារ ស្មើនឹង ៣៤,៣៣៦នាក់ មកស្នាក់នៅជំរុំភៀសសឹក ចំនួន ១៥ កន្លែង ដែលអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ បានរៀបចំសម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន និងបងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។
សូមជម្រាបថា ចាប់តាំងមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា ជាមួយកងទ័ពថៃ ក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ ដែលបង្កដោយភាគីថៃ បានធ្វើឱ្យមានជនភៀសសឹងរាប់សែនអ្នករស់នៅក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ បានចាកចេញពីផ្ទះសម្បែងទៅស្នាក់នៅបណ្តោះអាសន្នទីកន្លែងមានសុវត្ថិភាព ដើម្បីរត់គេចចេញពីគ្រាប់ផ្លោង និងគ្រាប់បែកទម្លាក់ទីលើយន្តហោះរបស់ថៃ ក្នុងនោះធ្វើឱ្យស្ត្រីមានផ្ទៃពោះ កុមារ ជនពិការ និងចាស់ជរាជួបការលំបាកយ៉ាងខ្លាំង។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងស្រស្រាក់ស្រស្រាំ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋជនភៀសប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារអាយុជីវិតបងប្អូន ហើយពេលនេះស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរបានស្ងប់ស្ងាត់ បន្ទាប់ពីសម្រេចបានបទឈប់បាញ់ក្រោយការគំនិតផ្តូចផ្តើមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ានបច្ចុប្បន្ន និងមានការជំរុញពីសហរដ្ឋអាមេរិក និងចិន ព្រមទាំងមានការគាំទ្រជាច្រើនសហគមន៍អន្តរជាតិផងដែរ៕


