2025-08-11 14:03
61

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ម្សិលមិញនេះ ដោយចោទប្រកាន់ថា “កម្ពុជាបានដាក់គ្រាប់មីនថ្មី”។

ការបដិសេធនេះ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្វើឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា៖  «ប្រទេសកម្ពុជាបានគោរពអនុសញ្ញាអូតាវ៉ា។ បន្ទាប់ពីក្លាយខ្លួនជារដ្ឋភាគីនៅឆ្នាំ២០០០ កម្ពុជា បានគោរពដ៏ម៉ត់ចត់ចំពោះអនុសញ្ញានេះ និងបានបំផ្លាញចោលនូវគ្រាប់មីនប្រឆាំងមនុស្ស ប្រមាណជាង ១លានគ្រាប់ និងគ្រឿងផ្ទុះជាច្រើនទៀតដែលបន្សល់ទុកលើទឹកដីកម្ពុជា ជាង ៣លានគ្រាប់ ដែលជាការរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីនទាំងក្រមខណ្ឌក្នុង និងក្រៅប្រទេស រួមទាំងបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិផងដែរ»។

លោ ជុំ សុន្ទរី បានគូសបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការប្រកដោយស្ថាបនាជាមួយភាគីថៃ និងរាល់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីប្រកាន់ខ្ជាប់នូវអនុសញ្ញាអូតាវ៉ា ការពារអាយុជីវិតជនស៊ីវិល ហើយធានាព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។ កម្ពុជា អំពាវនាវឱ្យមានការអនុវត្តដ៏ពេញលេងនូវកិច្ចព្រមព្រៀង ចំនួន ១៣ ចំណុច ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមទៀតថា កម្ពុជា ត្រូវបានលើកទឹកចិត្តដ៏ខ្លាំងខ្លាតាមរយៈការចូលរួមអបអរសាទរដ៏ទូលំទូលាយរបស់សហគមន៍ក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះមានបណ្តាប្រទេសជាដៃគូររបស់អាស៊ាន រួមទាំងតួអង្គពាក់ព័ន្ធសំខាន់ៗដទៃទៀត ចំពោះកិច្ចព្រមព្រៀង ចំនួន ១៣ ចំណុចដែលសម្រេចបានក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងស្វាគមន៍នូវការអំពាវនាវរបស់បណ្តាប្រទេសនានា ឱ្យមានការអនុវត្តដោយសុទ្ធចិត្ត ទាន់ពេលវេលារាល់វិធានការដែលបានព្រមព្រៀងគ្នានោះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «កម្ពុជាចាត់ទុកកិច្ចព្រមព្រៀងទាំង១៣ចំណុចដែលសម្រេចបាន គឺជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីកាត់បន្ថយនូវភាពតានតឹង ស្តារឡើងវិញនូវការទុកចិត្តគ្នា និងទប់ស្កាត់ការគ្រោះថ្នាក់ចំពោះប្រជាជនស៊ីវិលនៅតាមព្រំដែននៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ គឺជាការតាំងចិត្តរួមរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងស្ថេរភាព»៕