
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ កម្ពុជា មានខែលការពារជាតិដ៏រឹងមាំ ចំនួន ៤ សំខាន់ៗ ដើម្បីទប់ទល់ទៅនឹងមហិច្ចតាស្រេកឃ្លានប្រកាសឈ្លានពានទឹកដីកម្ពុជាយ៉ាងចំហរពីសំណាក់មេទ័ពភូមិភាគ២ថៃ។
នៅចំពោះមុខការប្រកាសឈ្លានពានទឹកកម្ពុជាដោយចំហរបស់មេទ័ពភូមិទី២ របស់ថៃ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានរំលេចនូវចំណុចមួយចំនួនដែលជាខែល ដើម្បីការពារជាតិដ៏រឹងមាំ និងការពារបូរណភាពទឹកដីកម្ពុជា រួមមាន៖
ទី១៖ កម្ពុជា មានការដឹកនាំ និងបញ្ជារបស់ថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥» ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានសិទ្ធិពេញលេញក្នុងការទំនាក់ទំនងជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចការយោធា។ សម្ដេចទាំងពីរ គឺជាថ្នាក់ដឹកនាំដ៏កក់ក្ដៅបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។
ទី២៖ កម្ពុជា មានវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហាន ដែលតស៊ូយ៉ាងស្វិតស្វាញក្រាញននៀល មិនរាថយ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងការពារអធិបតេយ្យជាតិ បូរណភាពទឹកដ៏ឲ្យខាងតែបាន។ វីរភាពដ៏អង់អាចក្លាហាននេះ បានទទួលការគោរព កោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅជាច្រើនផ្សេងទៀត។
ទី៣៖ កម្ពុជា មានកម្លាំងមហាសាមគ្គី និងឯកភាពជាតិដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា មិនថាអ្នកនៅក្នុងស្រុក ឬក្រៅស្រុក មិនថាក្មេង ចាស់ ប្រុស ស្រី គឺបានវេញគ្នាជាធ្លង់មួយលើកស្ទូយមោទនភាពជាតិខ្មែរ ស្រែកទាមទារសន្ដិភាព និងចូលរួមការពារបូរណភាពទឹកដីយ៉ាងសស្រាក់សស្រាំ នៅពីក្រោយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជួរមុខរបស់យើង។
ទី៤៖ មានការចូលរួមពីសហគមន៍អន្ដរជាតិ ដូចជា ក្រុមអ្នកសង្កេតការណ៍អន្ដរកាល បេសកកម្មការទូត អនុព័ន្ធយោធាបរទេស ជាពិសេសសហរដ្ឋអាមេរិក ចិន ម៉ាឡេស៉ី ដែលបានដើរតួនាទីគន្លឹះក្នុងការសម្រេចបានបទឈប់បាញ់ ដែលចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាសាក្សីយ៉ាងសំខាន់ក្នុងការអនុវត្តបទឈប់បាញ់ និងអាចវាយតម្លៃយ៉ាងច្បាស់ថាតើភាគីណាអ្នកបំពានកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពបទឈប់បាញ់នោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាព្រំដែនត្រូវតែធ្វើឡើងតាមយន្ដការបច្ចេកទេស និងយន្ដការច្បាប់អន្ដរជាតិ មិនមែនដោះស្រាយដោយប្រើកម្លាំងយោធានោះទេ»៕

_1754891580.jpg)