
ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានធ្វើការបកស្រាយចំងល់របស់សាធារណជនមួយចំនួនចេះតែសួរអំពីពាក្យថា «សៀម ឬ ថៃ»។ អតីតរដ្ឋមន្ត្រីជើងចាស់រូបនេះ បានបញ្ជាក់ថា ចាស់ៗខ្មែរនៅសុរិន្ទ គាត់មិនដែលហៅថៃទេគាត់ហៅសៀម។ នេះបើតាមសំណេររបស់លោក ខៀវ កាញារីទ្ធ បានបង្ហោះនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ។
ដោយមានអ្នកសួរច្រើនអំពីរឿងនេះ ថ្ងៃនេះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកសូមលើកមកនិយាយបន្តិច។ ប៉ុន្តែលោកបញ្ជាក់ថា នេះមិនមែនជាការរើសអើងពូជសាសន៍អ្វីទាំងអស់ តែជាការរៀបរាប់ប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយបន្តិចបន្តួចប៉ុណ្នោះ។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថៃជាពូជសាសន៍មួយដែលមានដើមកំណើតនៅយូណាន ដែលគេហៅថាជនជាតិតៃ ឬ ថៃ។ ជនជាតិនេះ មានចែកជាកុលសម្ព័ន្ធជាច្រើន ក្នុងនេះមានសៀម វៀតណាម (ខ្មែរហៅយួនព្រោះសម្គាល់ថាជាជនជាតិមកពីយូណាន់=យួន)។ នៅពេលពួកម៉ុងហ្គោលចូលលុកលុយចិន ជនជាតិនេះក៏ចុះមកខាងត្បូង គឺសៀមមកខាងកម្ពុជា វៀតណាមមកខាងចម្ប៉ា ហើយក៏បានរីកធំធាត់ខ្លួននៅពេលដែលចក្រពខ្មែរ និងចម្ប៉ាចុះខ្សោយ។ ពេលរីកធំធាត់ក៏សៀមនៅតែហៅខ្លួនជាសៀមដដែលទេ (Siam Kingdom)។
អតីតរដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា ក្រោយពីច្បាំងចាញ់បារាំង សៀមត្រូវប្រគល់ខេត្តមួយចំនួនពិសេសបាត់ដំបង សៀមរាប មួយភាគនៃទន្លេសាប មកបារាំងត្រួតត្រាវិញ ដែលធ្វើអោយសៀមមានការឈឺចាប់យ៉ាងខ្លាំង។ នៅពេលក្រោយពីរដ្ឋប្រហារប្រែប្រទេសសៀមពីរបបរាជានិយមទាំងស្រុងទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនាឆ្នាំ១៩៣២មក សៀមក៏បានដូរឈ្មោះពីរាជាណាចក្រស្យ៉ាមទៅជាថៃឡង់វិញ។ តើមកពីហេតុអ្វី ? ព្រោះសៀមមានមហិច្ឆតាត្រួតត្រាទឹកដីទាំងអស់ណាដែលមានជនជាតិតៃ/ថៃ រស់នៅ។
ហេតុនេះហើយ ទើបហ្លួងវិបុលសង្គ្រាមបានសរសេរថា “ខ្មែរដែលកសាងអង្គរវត្តនោះបានរលាយផុតពូជហើយ អ្នកនៅបច្ចុប្បន្ននេះ គឺជាជនជាតិមួយផ្សេងដែលបន្តពីខ្មែរកសាងអង្គរទេ”។ ពេលបារាំងឃើញអង្គរវត្តភ្លាម បារាំងក៏បានដាក់សំណួរនេះដែរ ថាតើជនជាតិដែលកសាងអង្គរនេះទៅណាអស់ហើយ? ដោយខ្មែរនៅសតវត្សរ៍ទី១៩ ទន់ខ្សោយមែនទែន ហើយមានប្រជាជនមិនដល់មួយលាននាក់ផង។ តែដោយពិនិត្យក្បាច់ចម្លាក់ថ្មអ្នកពោធិសាត់ និងក្បាច់ក្បូរលើគ្រឿងប្រាក់ ស្រទបចេកបុណ្យនានា និងពិសេសក្រោយការអានដាច់សីលាចារឹកមក ទើបគេដឹងថាគឺខ្មែរបច្ចុប្បន្ននេះហើយជាអ្នកបន្តវេនអង្គរ។ ហេតុនេះ ការដែលចាស់ៗអ្នកសុរិន្ទហៅថា សៀម មិនខុសទេ៕


