
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅពេលដែលប្រជាជន និងកងទ័ពកម្ពុជា បាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ភាគីថៃ បែជាមានជនជាតិខ្មែរម្នាក់ មកនិយាសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ។ សម្តេចតេជោ បានចោទជាសំណួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ? សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ។
នាំព្រឹកថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនូវខ្លឹមសារថា៖ «បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនា ដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះ សាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបូរាណរាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារ ត្រូវរត់ចោលផ្ទះសំបែង ក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»។
សម្តេចតេជោ បានលើកជាសំណួរយ៉ាងដូច្នេះថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ? សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ។
ពាក់ព័ន្ធករណីជនជាតិខ្មែរម្នាក់ ដែលរត់ចោលស្រុកសំងំរស់នៅសោយសុខនៅឯបរទេស ដែលកាន់ជើងសត្រូវឈ្លានពានចង់លេបយកទឹកដីខ្មែរ និងបង្អាប់កងព័ទខ្មែរខ្លួនឯង សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖ «ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែលមានមនុស្សតាម ១៥ លាននាក់ ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ»៕


