2025-08-23 15:06
39

ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់តាមរយៈបណ្តាញសង្គមថា “រូបភាពនេះ ៩០ ភាគរយ ជាកិច្ចការរដ្ឋរវាង ប្រមុខរដ្ឋស្តីទី ជាមួយនាយករដ្ឋមន្ត្រី”។

សម្តេចតេជោប្រមុខរដ្ឋស្តីទី បានលើកឡើងថា៖ «ម្សិលមិញជាខួប២ឆ្នាំ ដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន (២២ សីហា ២០២៣ - ២២ សីហា ២០២៥)។

សម្តេចតេជោបានបញ្ជាក់ថា៖ «២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី លើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូលទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ ខណៈពេលដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឥសរជនជាន់ខ្ពស់កម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ៕