2025-08-26 16:39
15

ប៉េកាំង៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងថា «ទំនាក់ទំនងចិន-កម្ពុជា បានឈរយ៉ាងរឹងមាំទល់នឹងការសាកល្បងនៃបញ្ហាអន្តរជាតិ ហើយភាគីទាំងពីរបានពង្រឹងមិត្តភាពដែកថែប ដោយការចែករំលែកភាពសុខដុមរមនា ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ និងសមនឹងទទួលបានការសាទរបន្ថែមទៀតពីភាគីទាំងពីរ»។

លោកប្រធានាធិបតី ស៊ី បានថ្លែងបែបនេះ ក្នុងឱកាសចូលបង្គំគាល់ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅទីក្រុងប៉េកាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ី បានបញ្ជាក់ថា៖ «ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរ និងភាពវឹកវរ ប្រទេសចិន និងកម្ពុជា នៅតែឈរជាមួយគ្នាយ៉ាងរឹងមាំ និងបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពន្លឿនការកសាងសហគមន៍ ចិន-កម្ពុជា គ្រប់កាលៈទេសៈដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ»។

សូមជម្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានសវនាការដល់ ប្រធានាធិបតី Xi Jinping និងភរិយា ខណៈដែលព្រះអង្គទាំងទ្វេជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងគាប់ប្រថាប់នាសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕