2025-08-11 10:41
56

ឧត្តមានជ័យ៖ ផ្នែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តមានជ័យ របស់អង្គភាព «ស៊ីម៉ាក់» បានកត់ត្រាទុកទិសខេត្តឧត្តមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីលើយន្តហោះ មានចំនួន ១ ៥៤៩ គ្រាប់ ហើយខណៈពេលនេះ ក្រុមមន្ត្រីជំនាញផ្នែកគ្រាប់បែកកំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញាសម្គាល់ និងបោសសម្អាតទីតាំងដែងរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំបាញ់ផ្លោងគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហេង រតនា អគ្គនាយក អង្គភាពស៊ីម៉ាក់ បានបញ្អាក់យ៉ាងដូច្នេះ នាយប់ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ។
លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធា ចំនួន ១៤ រូប ជាតំណាងមកពីប្រទេស ចំនួន ៩ រួមមាន អូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំង និងគ្រាប់បែក MK-84 នោះជាក់ស្តែង។ 

អគ្គនាយកស៊ីម៉ាក់ សូមបញ្ជាក់ថា «ប្រភេទគ្រាប់បែក MK-84 នេះ មានទម្ងន់ជិត១តោន មានបណ្តោយប្រមាណ៣.៥ ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦»។ លោកបានបន្ថែមទៀតថា៖ «នៅចំណុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែក ចំនួន ១០ គ្រាប់ ហើយផ្ទុះ ចំនួន ០៤ គ្រាប់ រីឯ ចំនួន ០៦ គ្រាប់ទៀតមិនផ្ទុះដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃើញនេះផងដែរ»។ 

តាមការបញ្ជាក់របស់លោក ហេង រតនា បានឱ្យដឹងថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ មានចំនួន ១.៥៤៩ គ្រាប់។ អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕