
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា៖ «កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ មកលើកម្ពុជាថាបានដាក់មីនថ្មី និងទាមទារឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ (GBC) ដោយត្រូវរក្សាទីតាំងឈរជើងរបស់កងទ័ពបច្ចុប្បន្ន និងចៀសវាងការចល័ត និងដើរល្បាតទៅកាន់ទីតាំងភាគីម្ខាងទៀត»។
ការបដិសេធការចោទប្រកាន់ពីសំណាក់ភាគីថៃ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វឡើងឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ០៧និង០០នាទី ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា៖ «អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន “អាជ្ញាធរមីន” បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់មីនថ្មី ដោយគ្មានមូលដ្ឋានច្បាស់លាស់»។
លោក ជុំ សុន្ទរី បានថ្លែងបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតណាមួយដែលអាចជឿជាក់បាន និងតម្លាភាពពាក់ព័ន្ធនឹងឧប្ទវហេតុនៃផ្ទុះមីនដែលបានលើកឡើងដោយភាគីថៃ។ កម្ពុជាអំពាវនាវឱ្យមានការអត់ធម្មត់ ហើយជៀសវាងការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់អាចធ្វើឱ្យប៉ះពាល់ជឿទុកចិត្តគ្នាទៅវិញទៅមកហើយនឹងស្មារតីនៃបទឈប់បាញ់ ក្នុងការចូលរួមដោយស្ថាបនា គឺជាតម្រូវការជាបន្ទាន់»។
អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមទៀតថា៖ «កម្ពុជាទាមទារឱ្យភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ (GBC) នៅប្រទេសម៉ាឡេស៊ី ជាពិសេសត្រូវរក្សាទីតាំងឈរជើងរបស់កងទ័ពបច្ចុប្បន្ន និងចៀសវាងការចល័ត និងដើរល្បាតទៅកាន់ទីតាំងភាគីម្ខាងទៀត»៕


