2025-08-10 14:14
54

ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានរយៈពេលជិត ១២ថ្ងៃហើយ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ដែលកម្ពុជា បានជំរុញប្រទេសថៃម្តងហើយម្តងទៀត ឱ្យប្រគល់បុគ្គលិកយោធាទាំង១៨នាក់ ឱ្យមកកម្ពុជាវិញ ឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស៌្សធមអន្តរជាតិ និងឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់ពីប្រទេសដៃគូ និងអង្គការអន្តរជាតិនានា។

ក្នុងស្មារតីនេះ កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងដោះលែង និងប្រគល់ទាហានកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួនមកវិញភ្លាមៗដែលឆ្លុះបញ្ចាំងពីការអំពាវនាវកាន់តែច្រើនឡើងពីប្រទេសជាដៃគូ និងអង្គការអន្តរជាតិ។ កងកម្លាំងរបស់កម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៥០នាទីព្រឹកភ្លាមៗបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន បុគ្គលិកយោធាកម្ពុជាត្រូវបានចាប់ខ្លួនដោយខុសច្បាប់ដោយទាហានថៃ។ 

នេះជាការអំពាវនាវសារជាថ្មីរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ នឹងបន្តអំពាវនាវឱ្យប្រទេសថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ យើងប្តេជ្ញាធានាថា គ្មានបុគ្គលិកយោធាណាមួយត្រូវបានទុកចោល ឬបោះបង់ចោលឡើយ។ ជំហររបស់យើងនៅតែរឹងមាំក្នុងការតស៊ូមតិសម្រាប់ការដោះលែងភ្លាមៗ និងការត្រឡប់មកវិញដោយសុវត្ថិភាពនៃបុគ្គលិកដែលត្រូវបានឃុំខ្លួនរបស់យើង ដោយសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់នូវស្តង់ដារច្បាប់ និងមនុស៌្សធម។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមរំឭកលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ដូចជាស្មារតី និងខ្លឹមសារដែលបានសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕