2025-08-10 14:13
44

ភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ០៩ ប្រទេស មានសមាជិក សរុបចំនួន ១៤ រូប រួមមាន ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម បានធ្វើដំណើរឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលទីតាំងជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹកក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ។

អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេស ចំនួន ០៩ និង ១៤ រូប បានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថាទៀតថា កម្មវិធីខាងលើនេះ មានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត ដើម្បីធានាថាបេសកកម្មនេះ នឹងប្រព្រឹត្តទៅដោយរលូន។

សូមគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការជាតិកម្ពុជា បានបញ្ជាក់ថា៖ «ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន»