
ភ្នំពេញ៖ ភាពតានតឹងតាមព្រំដែនកើតចេញពីការឈ្លានពានរបស់ថៃម្តងហើយម្តងទៀត ចូលទៅក្នុងទឹកដីកម្ពុជាដោយរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង MoU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមជម្លោះនេះឡើយ។
ក្រសួងការបរទេសកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសកម្ពុជា ដែលធ្វើឡើងដោយក្រសួងការបរទេសនៃប្រទេសថៃ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់ខ្លួនទៅកាន់អង្គភាពការទូតនៅទីក្រុងបាងកក កាលពីថ្ងៃចន្ទ ទី០៤ខែ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បែបនេះ ក្នុងពេលធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ នៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាមិនបានចាប់ផ្តើមជម្លោះនោះទេ។ ផ្ទុយទៅវិញខ្លួនបានអនុវត្តការអត់ធ្មត់ជាអតិបរមា នៅចំពោះមុខការបង្កហេតុខាងយោធារបស់ថៃ។ ភាពតានតឹងតាមព្រំដែនកើតចេញពីការឈ្លានពានរបស់ថៃម្តងហើយម្តងទៀត ចូលទៅក្នុងទឹកដីកម្ពុជា ដោយរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង MoU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។
លោក ជុំ សនុន្ទរី បានបន្ថែមទៀតថា ចំពោះការអះអាងការពារខ្លួនរបស់ថៃ គឺគ្មានមូលដ្ឋាននោះទេ។ កងកម្លាំងប្រដាប់អាវុធកម្ពុជា បានត្រឹមតែធ្វើសកម្មភាពឆ្លើយតបតាមសមាមាត្រ ដើម្បីការពារអធិបតេយ្យភាព និងប្រជាពលរដ្ឋរបស់ខ្លួន បន្ទាប់ពីការលុកលុយឆ្លងព្រំដែន និងការបាញ់កាំភ្លើងធំដោយគ្មានការបង្កហេតុពីភាគីថៃ។ ការចោទប្រកាន់របស់ថៃមកលើកម្ពុជាបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត គឺជាការប៉ុនប៉ង ដើម្បីបង្វែរការស្តីបន្ទោស និងជៀសវាងការទទួលខុសត្រូវចំពោះការរំលោភបទឈប់បាញ់របស់ខ្លួនតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «អាកប្បកិរិយារបស់កម្ពុជានៅតែស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស៌្សធមអន្តរជាតិ។ កងកម្លាំងប្រដាប់អាវុធកម្ពុជាមិនដែលកំណត់គោលដៅលើប្រជាជនស៊ីវិល ដូចដែលប្រទេសថៃបានចោទប្រកាន់នោះទេ។ កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានក្នុងអំឡុងពេលកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយនឹងបន្តចូលរួមដោយស្មោះត្រង់សម្រាប់ការអនុវត្តពេញលេញរបស់ខ្លួនតាមរយៈយន្តការអាស៊ាន»៕


