2025-08-05 09:42
45

ភ្នំពេញ៖    អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការថ្កោលទោសដាច់អហង្ការចំពោះការបន្តបង្កហេតុដោយកងកម្លាំងប្រដាប់អាវុធថៃ និងជំរុញឱ្យប្រទេសថៃ គោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ 

ការថ្កោលទោសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន ប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «ភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កហេតុខាងយោធា និងសកម្មភាពឯកតោភាគីដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខស៊ីវិល និងហានិភ័យនៃការកើនឡើងបន្ថែមទៀត។ សូមធ្វើឱ្យមានភាពស៊ីគគ្នារវាងការប្រកាសជាសាធារណៈនៅការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាពជាមួយនឹងសកម្មភាពដែលអាចទុកចិត្តបាននៅលើមូលដ្ឋានដោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ដើម្បីជៀសវាងពីការកើនឡើងភាពតានតឹងបន្ថែមទៀត និងការផ្សាយព័ត៌មានមិនពិតដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពដ៏ផុយស្រួយនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាលេចធ្លោទាំងអស់ តាមរយៈមធ្យោបាយសន្តិភាពស្របតាមច្បាប់អន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងបទឈប់បាញ់»៕