2025-08-04 12:35
48

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥» នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ នាថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារបែបងឿងឆ្ងល់ថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា ចំនួន ១៨ រូប មកឲ្យកម្ពុជាវិញ? ខណៈយោធាថៃបានបំពានលើកិច្ចព្រមព្រៀមបទឈប់បាញ់ ចល័តចូលចាប់ទាហានកម្ពុជាដល់ក្នុងបន្ទាយកងទ័ពកម្ពុជា ដែលបានចូលជាធរមានរយៈពេល៨ម៉ោង។

សម្តេចតេជោបានសរសរថា៖ «ក្រោយសម្រាកបានជាង២ម៉ោង យើងមកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត»
ប្រមុខព្រឹទ្ធសភាកម្ពុជា សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានបញ្ជាក់ថា៖ «សម្តេចបានពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា ចំនួន ១៨ រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?។»

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតមកដល់ម៉ោង ១០និង៣០នាទី នាថ្ងៃទី០៤ ខែសីហានេះ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងទ័ពកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ចំពោះកងកម្លាំងកម្ពុជា ចំនួន ១៨ រូប កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃនោះ នៅមិនទាន់ប្រគល់មកឲ្យកម្ពុជាវិញទេ ខណៈរាជរដ្ឋាភិបាលបានកំពុងបន្តចរចា ដើម្បីធ្វើយ៉ាងណាឲ្យថៃបញ្ជូនពួកគាត់មកវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕