2025-08-04 09:16
191

ភ្នំពេញ៖ កម្លាំងប្រដាប់អាវុធកម្ពុជា ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងឧត្តមមានជ័យ បានប្រុងជើងការ និងប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងម៉ឺងម៉ាត់បំផុត ត្រៀមខ្លួនអនុវត្តបទបញ្ជាគ្រប់ពេលវេលា។ 

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ «បើគិតពីម៉ោង០០និង០១នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង០៦និង១០នាទីព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២៥ នេះ ស្ថានភាពនៅតាមព្រំដែនមានការស្ងប់ស្ងាត់ជាធម្មតាគ្មានអ្វីប្រែប្រួលឡើយ»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់សារជាថ្មីម្តងទៀតថា៖ «កម្ពុជាអនុវត្តនិងគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គឺអនុវត្តយ៉ាងពេញលេញឥតប្រែប្រួលនូវបទឈប់បាញ់គឺទទួលលទ្ធផលជាផ្លែផ្លាល្អប្រសើរចាប់តាំងពីចូលជាធរមាន៕»