2025-08-03 11:50
31

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យនេះ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជា ចំនួន១៨ រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ មកឱ្យកម្ពុជាវិញនៅឡើយទេ។ ក្រៅតែពីកងកម្លាំងចំនួន ០២ រូប ដែលមានរបួសដែលទទួលបានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។  

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជានៅតែបន្តអំពាវនាវ និងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងប្រកបដោយសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានរំលេចថា ចាប់តាំងយប់រំលងអធ្រាតត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ បានចូលជាធរមាន រហូតដល់ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា នេះ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងមាត់បំផុតរបស់ខ្លួនក្នុងការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពផ្លែផ្កានូវបទឈប់បាញ់រវាងកម្ពុជា និងថៃ។

អ្នកនាំពាក្យបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចស្តីពី ការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន»៕