
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា៖ «ក្នុងនាមជាប្រជាជាតិ ស្រឡាញ់សន្តិភាពដែលគោរពច្បាប់អន្តរជាតិ និងឱ្យតម្លៃលើពហុភាគីនិយមខ្មែរ យើងត្រូវតែបញ្ជាក់ឱ្យច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ទង្វើរបស់យើង គឺសំដៅការពារប្រឆាំងនឹងការរំលោភបំពាន ការពារបូរណភាពទឹកដី និងការពារកិត្តិយសជាតិរបស់យើងពីការប្រមាថគ្រប់រូបភាព»។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌរវាងយោធាកម្ពុជា និងយោធាថៃ» នាម៉ោង៤រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្នុងកិច្ចអន្តរាគមន៍លោក ប៉ែន បូណា បានបញ្ជាក់ថា៖ ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានក្រោកឈរការពារជាតិ និងបានបង្ហាញពីសាមគ្គីភាពឥតងាករេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ស្មារតីសមូហភាពនេះ គឺជាកម្លាំងដ៏មានឥទ្ធិពល និងមិនអាចបំបែកបាន។
ជាមួយគ្នានេះ លោក ប៉ែន បូណា សូមជំរុញឱ្យគ្រប់គ្នារក្សាសេចក្តីថ្លៃថ្នូរជាតិរបស់យើង និងធានាថា ស្នេហាជាតិរបស់យើងមិនឆ្លងចូលទៅក្នុងភាពជ្រុលនិយមឡើយ។
លោក ប៉ែន ប៉ូណា បានបញ្ជាក់ថា៖ «ក្នុងនាមជាប្រជាជាតិ ស្រឡាញ់សន្តិភាពដែលគោរពច្បាប់អន្តរជាតិ និងឱ្យតម្លៃលើពហុភាគីនិយមខ្មែរ យើងត្រូវតែបញ្ជាក់ឱ្យច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ទង្វើរបស់យើងគឺសំដៅការពារប្រឆាំងនឹងការរំលោភបំពាន ការពារបូរណភាពទឹកដី និងការពារកិត្តិយសជាតិរបស់យើងពីការប្រមាថគ្រប់រូបភាព។ ខ្មែរយើងពិតជាជាតិនិយមជ្រាលជ្រៅចំពោះជាតិយើង ប៉ុន្តែមិនដែលជ្រុលនិយមទេ»។
អ្នកនាំពាក្យរដ្ឋាភិបាល បានលើកទឹកចិត្តអ្នកទាំងអស់គ្នា ឱ្យទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់យើង ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមទាំងទាហាន និងកងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់យើង។
ពួកគេប្តេជ្ញាគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីរក្សាសន្តិភាព និងការពារបូរណភាពទឹកដីរបស់យើងប្រកបដោយសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ និងក្នុងស្មារតីនៃពហុភាគីនិយម៕
