2025-08-03 11:12
34

ភ្នំពេញ៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលដោយគ្មានការទទួលខុសត្រូវនោះទេ គឺខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីចរចារទាមទាឱ្យមានការដោះលេងយុទ្ធជនយើង ចំនួន ១៨ រូបទៀត ដែលភាគីថៃចាប់យកទៅ និងមិនទាន់ប្រគល់មកឱ្យកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់នូវគោលជំហរដ៏រឹង ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងកម្ពុជាចំនួន ១៨ រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧និង៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា “ពួកគេមានសុខសុវត្ថិភាព” ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចារ ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុតនិងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ 

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជា ក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន សូមជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨ រូប។ 

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕