2025-08-03 10:38
34

ភ្នំពេញ៖ ភស្តុតាងយ៉ាងច្បាស់ក្រឡែតដែលត្រូវបានអ្នកជំនាញផ្នែកគ្រាប់បែក នៃអង្គភាពស៊ីម៉ាក់កម្ពុជា បានរកឃើញ និងបញ្ជាក់ថា៖ ពួកទ័ពអាកាសរបស់ថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ប្រភេទ MK-82 មកលើកម្ពុជា បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងកំឡុងពេលមានការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ»។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានលើកឡើងនៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ ថា ស្ថិតនៅវត្តតាមាន់សែនជ័យ ក្នុងភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មកាអាចារ្យវត្ត បានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា «ទីតាំងអារាមនេះ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ប្រភេទ MK-82»។ 

លោក ហេង រតនា បានបញ្ជាក់ថា៖ «គ្រាប់បែក MK-82 នេះ មានទម្ងន់ប្រមាណ ២៥០ គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន ០២ គ្រាប់ ដែលមានលេខស៊េរី Serial No. 22002788 និង Serial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ»។ 

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានសង្កត់ធ្ងន់ថា៖ «រង់ចាំមើលការភូតភរកុហកបោកប្រាស់មតិសាធារណៈជាតិសៀម និងអន្តរជាតិ របស់ភាគីសៀមថា គ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម ១៩៧០-១៩៧៣ ទៀតឬយ៉ាងម៉េច? ចំពោះគ្រាប់បែក MK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ»៕