
តាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញរបស់សិង្ហបុរី CNA បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាងកក លោក Jirayu Houngsub បាននិយាយថា «ទាហានកម្ពុជា ចំនួន ១៨រូប ដែលថៃមិនទាន់បញ្ជូនមកវិញ គឺកំពុងស្ថិតក្រោមការចាត់ការតាមនីតិវិធីច្បាប់ស្តីពីការរំលោភច្បាប់អន្តោប្រវេសន៍របស់ប្រទេសរបស់គេ»។
លោក Jirayu Houngsub បានលើកឡើងទៀងថា «ទាហានកម្ពុជា បានឈ្លានពានចូលទឹកដីថៃ ហើយត្រូវបានកងទ័ពរបស់ខ្លួនចាប់ និងឃុំខ្លួនពួកគេ ដោយផ្តល់ការថែទាំតាមគោលការណ៍មនុស្សធម៌»។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានប្រាប់អង្គទូតបរទេស និងអនុព័ន្ធយោធាប្រចាំកម្ពុជាចំនួន ១៣ ប្រទេស ដែលបានចុះពិនិត្យតំបន់មានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ថា ដោយថៃបានឈ្លានពាលលើកម្ពុជា និងបានប្រើល្បិចដ៏ពិសពុះស្មោគរោគបំផុត ចាប់ទាហានកម្ពុជាចំនួន ២០រូប ក្នុងនោះរត់រួចម្នាក់ សង្ស័យស្លាប់ ២នាក់ក្រោយបទឈប់បាញ់ចូលជាធរមាន។
ទាហានថៃធ្វើជាបក់ដៃហៅទាហានកម្ពុជាឱ្យចូលទៅចាប់ដៃ នៅតំបន់សមរភូមិក្តៅជាំតែ រួចហើយភ្ជង់ចាប់ខ្លួនតែម្តង។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានលើកជាសំណួរទៅបណ្តាអង្គទូត និងអនុព័ន្ធយោធាប្រចាំកម្ពុជា ថា តើអស់លោកឈឺចាប់ទេ, នៅពេលមានបទបញ្ជាឈប់បាញ់ហើយ តែគេបែរជាប្រើល្បិចអាក្រក់បែបនេះ?
ជុំវិញករណីនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមវេលាម៉ោង ១១និង០០នាទី ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា «កម្ពុជាកំពុងចរចាយ៉ាងសកម្មដើម្បីសម្រួលឱ្យមានការដោះលែងកងកម្លាំងកម្ពុជា ហើយស្នើឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌស្របតាមច្បាប់មនុស្សធម៌អន្តរជាតិដោយសុវត្ថិភាព»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «ទាហានកម្ពុជា ចំនួន ០២ រូប ត្រូវបានថៃប្រគល់ឱ្យមកកម្ពុជា កាលម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ក្នុងស្ថានភាពមានរងរបួសធ្ងន់ និង១៨នាក់ទៀត ភាគីថៃអះអាងថា ពូកគេត្រូវបានមើលថែដិតដល់ និងមានសុវត្ថិភាព»៕
