2025-06-25 16:04
24

ថៃ៖ ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៥ នេះ ដោយក្នុងនោះថៃបានចាត់ខេត្តចំនួន៣ ដូចជា បាងកក ឈុនបុរី និងសុងក្លា ដើម្បីរៀបចំការប្រកួតចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ ស្របគ្នានេះដែរ ឃើញថាបើទោះបីជាព្រឹត្តិការណ៍ ស៊ីហ្គេម នេះនៅមិនទាន់ដល់ពេលក៏ពិតមែន ប៉ុន្តែពេលនេះកម្ពុជានិងថៃកំពុងមានជម្លោះបញ្ហាព្រំដែនជាមួយគ្នានៅឡើយ។

យោងតាមការផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod English នាថ្ងៃទី២៥ មិថុនា នេះ បានឲ្យដឹងថា ជុំវិញនៃបញ្ហានេះ លោក Sorawong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាទំនាក់ទំនងកម្ពុជា លោកយល់ និងអាណិតដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់។ លោកបានបន្តថា “ខ្ញុំចង់បំបែកកីឡាចេញពីនយោបាយ។ ខ្ញុំសង្ឃឹមថា ស៊ីហ្គេម នឹងក្លាយជាវេទិកាមួយ ដែលជួយដោះស្រាយស្ថានការណ៍រវាងប្រទេសទាំងពីរ ដើម្បីឱ្យពួកគេត្រឡប់ទៅរកការពិភាក្សាឡើងវិញ។ ទោះបីជាភាពតានតឹងផ្នែកនយោបាយនៅតែបន្តកើតមាន ប៉ុន្តែប្រទេសថៃ បញ្ជាក់ពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះដ៏ល្អ ស្របតាមមិត្តភាព និងកីឡា។"

គួរបញ្ជាក់ឲ្យដឹងថា មានប្រទេសចំនួន១១ បានបញ្ជូនអត្តពលិករបស់ខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៥ នេះ ដែលសរុបមានចំនួន ១២.៥០៦នាក់ ដូចជា៖ ប្រ៊ុយណេមានអត្តពលិកចំនួន ២៥០នាក់, កម្ពុជា ១.៥១៥នាក់, ឥណ្ឌូនេស៊ី ១.៥៤៨ នាក់, ឡាវ ៥៩៨ នាក់, ម៉ាឡេស៊ី ១.៥៨០ នាក់, មីយ៉ាន់ម៉ា ១.០៧៧ នាក់, ហ្វីលីពីន ១.៤៩៩ នាក់, សិង្ហបុរី ១.៤៨១ នាក់, ថៃ ១៣២ នាក់ និងវៀតណាមចំនួន ១៣២ នាក់ ដែលក្នុងនោះក៏មានវត្តមានមន្ត្រីសរុបចំនួន 6,253 នាក់មកពីគ្រប់ប្រទេសចួលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕