2025-06-20 13:30
59

ការស្ទង់មតិមួយបានរកឃើញថា នាយកប្រតិបត្តិក្រុមហ៊ុនភាគច្រើនកំពុងអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra លាលែងពីតំណែង ដោយសារការដឹកនាំរបស់លោកស្រីកំពុងរួមចំណែកធ្វើឱ្យស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី២០មិថុនានេះ។ 

ស្ថានភាពកាន់តែអាក្រក់ឡើង ក្រោយការបែកធ្លាយសារសម្លេងសន្ទនា រវាង លោកស្រី Paetongturn ជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់សាធារណជនលើរដ្ឋាភិបាល និងធ្វើឲ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរឡើងដោយការដកខ្លួនរបស់គណបក្ស Bhumjaithai ចេញពីរដ្ឋាភិបាលចម្រុះ។ 

ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយ CEO Turthep Turakij បានសាកសួរនាយកក្រុមហ៊ុន ចំនួន ១០០នាក់ មកពីវិស័យឈានមុខគេដូចជា ផលិតកម្មកសិកម្ម ថាមពល អចលនទ្រព្យ ការនាំចេញហិរញ្ញវត្ថុ ការលក់រាយ ទេសចរណ៍ សេវាកម្មព័ត៌មានវិទ្យា និងការចាប់ផ្តើមអាជីវកម្មឌីជីថលអំពីទស្សនៈរបស់ពួកគេទាក់ទងនឹងវិបត្តិនយោបាយដែលកំពុងបន្ត។ 

នាយកប្រតិបត្តិក្រុមហ៊ុនកំពុងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បីស្តារទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចប្រទេសឡើងវិញ។ ពួកគេបានស្នើថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុលដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រដល់វិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចដែលមានស្ថេរភាព ដើម្បីជំរុញកំណើន។ 

ការស្ទង់មតិបានបង្ហាញថា ៦៥% នៃអគ្គនាយកក្រុមហ៊ុនជឿថា ស្ថានភាពនយោបាយបច្ចុប្បន្ននេះ បានបណ្តាលឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាមួយនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចបន្ថែមទៀត។ ចំណែក ៣២.៧% មើលឃើញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចមិនសូវធ្ងន់ធ្ងរ ប៉ុន្តែនៅតែជះឥទ្ធិពលដល់វិស័យមួយចំនួន ខណៈដែលនៅសល់មានទស្សនៈសុទិដ្ឋិនិយមច្រើនអំពីសក្តានុពលនៃសេដ្ឋកិច្ច។ 

នៅពេលសួរថា តើនាយករដ្ឋមន្ត្រី Paetongtarn គួរចាត់វិធានការបែបណានាយកប្រតិបត្តិ (CEO) ៤២.៦% និយាយថា លោកស្រី Paetongtarn គួរលាលែង ហើយ ២៧.៧% អំពាវនាវឱ្យរំលាយសភា និង ២៦.៧% គិតថាការរុះរើគណៈរដ្ឋមន្ត្រីនឹងជាការឆ្លើយតបសមស្របបំផុត។ 

យ៉ាងណាមិញ ក៏មាននាយកប្រតិបត្តិមួយចំនួនក៏បានស្នើឱ្យផ្តោតលើការផ្សះផ្សាជាតិ និងដំណោះស្រាយផ្សេងៗផងដែរ។ 
នៅពេលសួរអំពីថា តើបញ្ហានយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃ ដូចជាជម្លោះនៅក្នុងរដ្ឋាភិបាលចម្រុះ និងការរុះរើគណៈរដ្ឋមន្ត្រីកំពុងប៉ះពាល់ដល់ទំនុកចិត្តវិស័យឯកជននៅកម្រិតណានោះ នាយកក្រុមហ៊ុនមានជាង ៥៦.៤% បានលើកឡើងថា ពួកគេមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដែលកាត់បន្ថយទំនុកចិត្តវិនិយោគិនគួរឱ្យកត់សម្គាល់ ខណៈដែល ៣៧.៦ % បានឱ្យដឹងថា ផលប៉ះពាល់ គឺកម្រិតមធ្យម ធ្វើឱ្យមានការសម្រេចចិត្តវិនិយោគ៕