
ថៃ: កាសែតថៃ Nation Thailand បានចេញផ្សាយនាព្រឹកថ្ងៃទី១៩ មិថុនា នេះថា នាយករដ្ឋមន្រ្តី Paetongtarn Shinawatra បានមកដល់វិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដើម្បីជួបជាមួយរដ្ឋមន្ត្រី និងមេដឹកនាំយោធារបស់លោកស្រី ចំពេលមានការប្រតិកម្មកាន់តែខ្លាំងឡើងជុំវិញការសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។
នៅម៉ោងប្រហែល 9.30 ព្រឹក គេឃើញ នាយករដ្ឋមន្ត្រីថៃ Paetongtarn មកដល់អគារ Thai Ku Fah ខណៈកំពុងទូរស័ព្ទ។
លោកស្រីនាយករដ្ឋមន្ត្រីថៃ បានលុបចោលកិច្ចប្រជុំមួយផ្សេងទៀតនៅឯវិមាន Phitsanulok ដើម្បីជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Phumtham Wechayachai និងប្រមុខយោធា។
នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងប្រឈមមុខនឹងការរិះគន់ខ្លាំងបន្ទាប់ពីបែកធ្លាយសំឡេងជាមួយ សម្ដេច ហ៊ុន សែន កាលពីថ្ងៃពុធម្សិលមិញនេះ ចំពេលមានភាពតានតឹងតំបន់ព្រំដែនដែលកំពុងបន្ត។ សំឡេងបានបង្ហាញឱ្យឃើញ Paetongtarn រិះគន់មេទ័ពភូមិភាគទី 2 ឧត្តមសេនីយ៍ឯក Boonsin Padklang ដែលកំពុងមើលការខុសត្រូវតំបន់ព្រំដែននៅខាងភាគីថៃ។
ក្រោយមកលោក Paetongtarn បានពន្យល់ពីការលើកឡើងនេះថាជាផ្នែកនៃ "បច្ចេកទេសចរចា" ហើយបានរិះគន់សម្ដេច ហ៊ុន សែន ចំពោះការផ្សព្វផ្សាយជាសាធារណៈនូវការសន្ទនាឯកជនមួយនេះ។
ចាប់តាំងពីពេលនោះមក បក្សនយោបាយជាច្រើនបានអំពាវនាវឱ្យមានការរំលាយរដ្ឋាភិបាល ឬការលាលែងពីតំណែង រួមទាំងគណបក្សប្រឆាំងរបស់ប្រជាជនផងដែរ។
ដូចគ្នានេះផងដែរ បណ្តាញប្រជាជន និងនិស្សិតសម្រាប់កំណែទម្រង់នៃប្រទេសថៃបានប្រកាសថាខ្លួននឹងធ្វើបាតុកម្មនៅខាងក្រៅវិមានរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍ដោយអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែងដែលពួកគេពិពណ៌នាថាចាំបាច់ដើម្បីការពារសន្តិសុខជាតិ។

