2025-06-19 10:11
38

លោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រថៃ កំពុងក្លាយជាបេក្ខភាពម្នាក់ ដែលអាចវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តី ក្រោយលោកស្រី ផែថងថាន ចុះចេញពីតំណែង។

យោងតាមការចុះផ្សាយសារព័ត៌មានថៃ ព្រោងព្រាតថា៖ «លោកស្រី ផែថងថាន បានចុះលេខាលាលែងពីតំណែងជានាយករដ្ឋមន្ត្រី កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែមិថុនានេះ ហើយលិខិតផ្លូវការនឹងដាក់ចូលរដ្ឋសភានៅព្រឹកនេះ»។ 

ពាក់ព័ន្ធព័ត៌មានខាងលើនេះ បើគិតត្រឹមព្រឹកម៉ោងជាង៩ នៅថ្ងៃទី១៩ ខែមិថុនា ការបង្ហោះសារពីការលាលែងពីតំណែងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តីថៃ ក្រោយរងសម្ពាធនៅក្នុងប្រទេស មកទល់ពេលនេះ គណៈបក្ស ភឿថៃ ជាបក្សកាន់អំណាច ក៏ដូចជាលោកស្រីផ្ទាល់មិនទាន់ប្រកាសពីការលាលែងពីតំណែងនេះឡើយ។ 

យ៉ាងណាមិញ ព័ត៌មានពីការលាលែងពីតំណែងរបស់លោកស្រីផែថងថាននេះ មិនទាន់ជាការពិតឡើយ គឺលោកស្រីផែថងថាន នៅតែជានាយករដ្ឋមន្រ្តីថៃដដែល។ 

សូមជម្រាបថា ក្រោយបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គណៈបក្សប្រឆាំងនៅថៃ និងមហាជនថៃ បានអំពាវនាវឱ្យលោកស្រីចុះចេញពីតំណែង និងរំលាយសភា។ 

សេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃទី១៨ មិថុនា របស់គណបក្សភឿថៃ បានប្តេជ្ញាពីការការពារអធិបតេយ្យ និងប្រយោជន៍ប្រជាជនថៃ៕