
លោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ទទួលស្គាល់ថា៖ «ការបែកធ្លាយសារសម្លេងសន្ទនារវាងលោកស្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រីនិយាយរិះគន់យោធាថៃ ប៉ុន្តែលោកស្រីចាត់ទុកថា វាជាផ្នែកមួយនៃវិធីសាស្ត្រនៃការចរចាតែប៉ុណ្ណោះ»។ នេះបើតាមការចេញផ្សាយរបស់កាសែតថៃ The Nation នារសៀលថ្ងៃទី១៨ ខែមិថុនានេះ។
ការទទួលស្គាល់នូវសារសម្លេងសន្ទនាដែលបែកធ្លាយរបស់លោកស្រី ជាមួយសម្តេចតេជោ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ បានបង្ហោះសារទទួលស្គាល់កិច្ចសន្ទនាដែលត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមមានរយៈពេលជាង៩នាទី ដោយលោកស្រី ផែថងផាន ស៊ីណាវ៉ាត្រា សុំទោសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះទង្វើរបស់យោធាថៃ ដែលបានបិទព្រំដែនដោយចិត្តឯង មិនបានសួររដ្ឋាភិបាលរបស់លោកស្រីជាដើម។
កិច្ចសន្ទនានោះ លោកស្រីផែថងផាន បានស្នើឱ្យសម្តេចតេជោជួយសម្រួលបើកព្រំដែន ដើម្បឱ្យបន្លែរបង្ការ ផ្លែឈើដឹកចូលពីប្រទេសថៃចូលមកកម្ពុជាជាធម្មតាវិញ ប៉ុន្តែសម្តេចតេជោបានតបទៅវិញថា «ការបិទ ឬបើកព្រំដែនមិនមែនភាគីកម្ពុជា ជាអ្នកចាប់ផ្តើមមុនទេ អញ្ចឹងឱ្យតែភាគីថៃ បើកព្រំដែនឱ្យមកដូចដើមវិញ នោះយ៉ាងយូ ៥ម៉ោងកម្ពុជា នឹងបើកតាមក្រោយឱ្យដូចដើមវិញដែរ។ បើសម្តេចមិនបើកឱ្យដូចដើម គឺហ៊ានកាត់ក្បាលចោល ប៉ុន្តែមិនមែនជាការចរចាទេ ថៃជាអ្នកចាប់ផ្តើម ដូច្នេះថៃត្រូវតែដោះស្រាយខ្លួនឯង កម្ពុជានឹងដើរតាមក្រោយជានិច្ច»។
សូមជម្រាបថា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា៖ «កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល ១៧និង០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។
សម្តេចតេជោបានបញ្ជាក់ថា៖ «សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែល សរុប ៨០នាក់ប៉ុណ្ណោះ។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា “ធ្វើនយោបាយអត់វិជ្ជាជីវៈ” (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង»។
ទាក់ទងសារសំឡេងបែកធ្លាយនេះ សម្តេចតេជោបានឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន សម្តេចនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧និង០៦នាទី៕
