
TEL AIV/DUBAI/WASHINGTON, ថ្ងៃទី 16 ខែមិថុនា (Reuters)៖ សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្ត ដែលជាហេតុបង្កើននូវការព្រួយបារម្ភខ្លាំងក្នុងចំណោមមេដឹកនាំពិភពលោកនៅឯកិច្ចប្រជុំ G7 នៅប្រទេសកាណាដាក្នុងសប្តាហ៍នេះថា ការប្រយុទ្ធដ៏ធំបំផុតរវាងសត្រូវចាស់ទាំងពីរ អាចនាំឱ្យមានជម្លោះក្នុងតំបន់កាន់តែខ្លាំងបន្ថែមទៀត។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយជុំវិញនៃគោលបំណងនៃការរៀបចំកិច្ចប្រជុំ G7 ថា គោលដៅរបស់គាត់សម្រាប់កិច្ចប្រជុំកំពូលរួមមាន ដើម្បីឱ្យអ៊ីរ៉ង់មិនអភិវឌ្ឍ ឬមានអាវុធនុយក្លេអ៊ែរតទៀត, ធានាសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ជៀសវាងការកើនឡើងនៃជម្លោះ និងបង្កើតបន្ទុកសម្រាប់ការទូត។
ក្រឡេកទៅមើលចម្លើយដែលប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានសួរថាតើគាត់កំពុងធ្វើអ្វីដើម្បីបន្ថយស្ថានការណ៍? គាត់បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងមួយ។ ខ្ញុំគិតថាវាដល់ពេលសម្រាប់កិច្ចព្រមព្រៀង។"
ប៉ុន្តែ អ៊ីរ៉ង់បានប្រាប់អ្នកសម្រុះសម្រួលកាតានិងអូម៉ង់ថា ខ្លួននឹងមិនបើកចំហរក្នុងការចរចាបទឈប់បាញ់នោះទេ បើទោះបីខណៈនេះខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអ៊ែលយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីរ៉ង់ក្នុងរយៈពេលបួនថ្ងៃនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលធ្វើឡើងក្នុងគោលបំណងលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនបានឡើងដល់យ៉ាងហោចណាស់ 224 នាក់ ដោយ 90% នៃអ្នកស្លាប់ត្រូវបានរាយការណ៍ថាជាជនស៊ីវិល៕