
បើតាមលោក Jean-François Tan ប្រតិភូរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះបានឲ្យដឹងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នៅឯទីក្រុង Nice ប្រទេសបារាំង ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ថា ប្រទេសបារាំងអាចជួយសម្រួលដល់ការផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយវិវាទព្រំដែនប្រសិនបើចាំបាច់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកនេះ លោក Tan បានសង្ខេបលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុង Nice ប្រទេសបារាំង ដោយបញ្ជាក់ថា លោកបានជួបជាមួយថ្នាក់ដឹកនាំមួយចំនួន ជាពិសេសប្រធានាធិបតីបារាំង។ លោកបន្តថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្ត និងដៃគូរបស់កម្ពុជា ជាពិសេសប្រធានាធិបតីបារាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដែលជាជំហរ ដែលលោកបានអះអាងជាថ្មីចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាពេលថ្មីៗនេះ។ដោយជំហរ៤ចំណុចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ត្រូវបាននាយករដ្ឋមន្ត្រីលើកឡើងកន្លងមករួមមាន៖
ទី១៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ។
ទី២៖ ការសម្រេចរបស់កម្ពុជាក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី នៃបញ្ហាព្រំដែននៅតំបន់ទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងការទុកបញ្ហាដែលមិនត្រូវបានដោះស្រាយជាយូរ ដែលអាចនាំឱ្យមានជម្លោះប្រដាប់អាវុធជាថ្មី។
ទី៣៖ បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងព្រំដែនដែលនៅសល់ និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ (ក្រៅពីតំបន់ទាំងបួនខាងលើ) ដោយប្រើយន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC)។
និងទី៤៖ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាប្រយោជន៍កាន់តែធំដល់ប្រជាជនកម្ពុជា និងថៃ។
លោក Jean-François Tan បានបន្ថែមថា “នាយករដ្ឋមន្ត្រីបានលើកបញ្ហាទាំងនេះជាមួយប្រធានាធិបតី Macron ក្នុងគោលបំណងតែមួយប៉ុណ្ណោះ គឺដើម្បីបញ្ជាក់ជំហររបស់កម្ពុជាលើបញ្ហានេះ មិនមែនសម្រាប់គោលបំណងផ្សេងនោះទេ ដូច្នេះហើយ យើងមិនរំពឹងថានឹងមានចម្លើយច្បាស់លាស់ពីប្រធានាធិបតី Macron នោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ប្រធានាធិបតីបារាំងលោក Macron បានបញ្ជាក់ថា បារាំងអាចជួយសម្រួលបាន ឧទាហរណ៍តាមរយៈការផ្តល់ឯកសារនេះ ឬឯកសារនោះដល់ភាគីទាំងពីរ ថៃ និងកម្ពុជា ប្រសិនបើចាំបាច់”៕

