
ថៃ៖ នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត បានដឹកនាំប្រតិភូជាន់ខ្ពស់ថៃ ចុះមកបំពេញទស្សនកិច្ចនៅខេត្តសុរិន្ទ ជាប់ព្រំដែនកម្ពុជា ដើម្បីដឹកនាំកិច្ចប្រជុំពង្រឹងបញ្ហាសន្តិសុខ និង ព្រមទាំងលើកទឹកចិត្តមន្ត្រីរបស់ខ្លួនតាមព្រំដែន ស្រមពេលស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ មានសភាពតានតឹង។
អ្នកនាំពាក្យរដ្ឋាភិបាលថា បានប្រកាសថា៖ «នាយករដ្ឋមន្ត្រី ផែថងថាន បានធ្វើទស្សនកិច្ចនៅខេត្តសុរិន្ទ នាថ្ងៃពុធនេះ ដោយទទួលទានអាហារថ្ងៃត្រង់ជាមួយកងទ័ព ផ្តល់ការគាំទ្រ លើកទឹកចិត្ត និងធ្វើជាប្រធានកិច្ចប្រជុំសន្តិសុខតាមព្រំដែនកម្ពុជា និងថៃ»។
អ្នកនាំពាក្យបាននិយាយថា «លោកស្រីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅច្រកព្រំដែនចងចម-អូស្មាច់ ក្នុងខេត្តសុរិន្ទ នៅថ្ងៃពុធ ដើម្បីបង្ហាញការគាំទ្រដល់មន្ត្រីមូលដ្ឋាន ស្រមពេលមានភាពតានតឹងនៅព្រំដែនជាមួយប្រទេសកម្ពុជា»។
ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីថៃ បានលើកឡើងពីវិធានការមួយចំនួន ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋខ្លួននៅខេត្តទាំង៧ជាប់ព្រំដែនកម្ពុជា ដែលអាចនឹងរងផលប៉ះពាល់ដោយសារភាពតានតឹង និងវិធានការជាបន្តបន្ទាប់ ដូចជាកាត់បន្ថយម៉ោងធ្វើការនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនជាដើម៕


