2025-05-28 13:44
45

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ នាយសេនាធិការរង យោធភូមិភាគពិសេស ទទួលបន្ទុកសម្របសម្រួលសុខាភិបាល យោធភូមិភាគពិសេស បានអញ្ជើញជាអធីបតី រៀបចំការអប់រំផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ឱ្យបានយល់ពីបញ្ហាប្រឈមហានិភ័យ និងវិធានការនានា ក្នុងការទប់ស្កាត់ និងព្យាបាលទាន់ពេលវេលា។ ពិធីនេះធ្វើឡើងនៅសាលសហសិក្សាសាលាពលទាហាន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន របស់កងអង្គភាពចំណុះយោធភូមិភាគពិសេសរួមមាន៖ សាលាពលទាហាន, វរសេនាតូចកាំភ្លើងធំ និងតំបន់អភិវឌ្ឍន៍ យោធភូមិភាគពិសេស សរុបចំនួន ៨៥នាក់។ 
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត យឹម សាវុធ បានលើកឡើងពីជំងឺដូចជា ជំងឺកូវីត-១៩ ជំងឺអេដស៍ កាមរោគ ជំងឺស្វាយ ជំងឺប្រមេះ ជំងឺថ្លើម និងជំងឺដែលឆ្លងតាមថនិកសត្វ មានជំងឺប៉េះ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈិកផ្សេងៗ។ 
ឧត្តមសេនីយ៍ត្រី យឹម សាវុធ បានធ្វើការបកស្រាយលំអិតផ្តោតសំខាន់អំពីជំងឺកូវីដ-១៩ ប្រភេទថ្មី JN.1 ដែលកំពុងរីករាលដាលខ្លាំងនៅប្រទេសជិតខាង និងក៏មានការរកឃើញឆ្លងថ្មីនៅប្រទេសកម្ពុជាផងដែរ លោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ពីវិធានការបង្កាការពារ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន គឺ៣កុំ ៣ការពារ។ ពីលើនេះ ឧត្តមសេនីយ៍ត្រី វិជ្ជបណ្ឌិត យឹម សាវុធ ក៏បានលើកឡើងពីប្រភេទជំងឺឆ្លងពីមនុស្សទៅសត្វ ពីសត្វទៅមនុស្សដែលតែងតែកើតឡើងជាហូរហែទាំងក្នុង និងក្រៅប្រទេស ដែលប្រការនេះយើងត្រូវតែចេះរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញខ្លួន និងលាងដៃជាប់ជាប្រចាំ នៅពេលប៉ះពាល់ជាមួយសត្វឈឺ ឬងាប់ផ្សេងៗផងដែរ៕