
បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលនគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសិស្សតាមសាលារៀន។
ឆ្លៀតក្នុងឱកាសនោះ នគរបាលយើងក៏បានធ្វើការផ្សព្វផ្សាយបន្ថែម អំពីច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន, ផលប៉ះពាល់នៃគ្រាប់សល់ពីសម័យសង្គ្រាម និង បានជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលទើបគ្រប់អាយុឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់គ្នា ដើម្បីយកមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចុះឈ្មោះបោះឆ្នោត។
ក្រៅពីការងារស្នូល កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលគ្រប់ក្រុង-ស្រុក ត្រូវបានពង្រឹងការយាមល្បាត និងប្រចាំការ២៤ម៉ោង, ត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងកម្លាំងមួយចំនួនបានត្រៀមរួចរាល់ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិនានាកើតឡើងជាយថាហេតុ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពល្អ៕



