2025-05-28 13:39
31

(ខេត្តព្រះវិហារ) ពិធីបើកវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម របស់ក្រុមការងារគ្រូពេទ្យមន្ទីរពេទ្យកុមារអង្គរជូនដល់នាយ និងពលទាហាន កងកម្លាំងបុគ្គលិកពេទ្យ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំងបី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ  អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំងបី បានសហការ និងសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហការបើកវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម របស់ក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរ ដឹកនាំដោយលោកសស្រ្តាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីពេទ្យកុមារអង្គរ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធបុគ្គលិកពេទ្យ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំងបី រយៈពេល០៤ថ្ងៃ ចាប់ត្រឹមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសិក្សា ចំនួន២៥ នាក់ ក្នុងកងពលនីមួយៗ។
លោកសស្រ្តាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីពេទ្យកុមារអង្គរ បានថ្លែងថា ៖ វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារៈសំខាន់មួយ ដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងអង្គភាព ឬតាមសហគមន៍ និងកម្មករនិយោជិតដែលរងគ្រោះថ្នាក់ដោយចៃដន្យ ដូចជាខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗទៀត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះទៅសង្គ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹងពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្នុងគោលបំណងលើកកម្ពស់សុខភាពសាធារណៈ និងសុវត្ថិភាព ការលើកកម្ពស់ជំនាញវិជ្ជាសង្រ្គោះបឋម និងការផ្សព្វផ្សាយវិជ្ជាសង្រ្គោះបឋមឲ្យបានទូលំទូលាយ ជាពិសេសបង្កើនការយល់ដឹងអំពីការសង្គ្រោះបឋម ដល់នាយនិងពលទាហាន ដើម្បីបង្កើនការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ក្នុងឧប្បទ្ទវហេតុផ្សេងៗ។យល់ដឹងពីវិជ្ជាសង្រ្គោះបឋម ឆ្ពោះទៅគោលដៅ អភិវឌ្ឍន៍ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទបរិយាប័ន្នសង្គម រួមគ្នាជាធ្លុងមួយ ដែលជាសកម្មភាពគំរូ ក្នុងការបំរើការងារមនុស្សធម៌ ប្រកបដោយសណ្តានចិត្តល្អប្រពៃ មានក្រមសិលធម៌ខ្ពស់ជូនដល់សង្គមជាតិ ឱ្យមានការរីកចម្រើនក្រោមម្លប់នៃសន្តិភាព។
មេរៀនបង្រៀនដល់សិក្ខាកាមនៅថ្ងៃនេះ មានចំនួន៧ មេរៀន ១.មេរៀនចលនាបេះដូង,២.ការស្ទះដង្ហើម(ស្លាក់) ៣.លង់ទឹក ៤.រលាក ៥.ថ្លោះឬគ្រេច ៦.បាក់ឆ្អឹង ៧.ការហូរឈាម ក្នុងចំណោមរបៀបសង្រ្គោះបឋមទាំងអស់ សំខាន់បំផុតក្នុងនោះបង្រៀនឲ្យគាត់ចេះពិនិត្យ វិធីសង្កត់បេះដូង ធ្វើឲ្យបេះដូងមានចលនាឡើងវិញ និងរបៀបបញ្ចូលខ្យល់ទៅតាមមាត់ដល់អ្នកជំងឺ និងអ្នករងរបួស។ ពីព្រោះនៅពេលដែលអ្នកជំងឺមានបញ្ហា គឺបញ្ហាបេះដូង និងសួតអត់ដំណើរការ។លោកបន្ថែមថា បើបេះដូង និងសួតអត់ដំណើរការ មានន័យថា ចំណីអាហារ និងអុកស៊ីសែន ដែលរត់ទៅតាមឈាមដល់ខួរក្បាលក៏អត់មានដែរ ហើយខួរក្បាលរបស់មនុស្សឲ្យតែលើសពី៤នាទី អត់មានអុកស៊ីសែនទៅ ខួរក្បាលមនុស្សយើងចាប់ផ្តើមខូច និងមានបញ្ហា ប្រសិនបើយើងអាចជួយឲ្យបេះដូងមានចលនាឡើងវិញនៅក្នុងរយៈពេលនឹង ព្រមទាំងបញ្ចូលខ្យល់ទៅដល់ខួរក្បាល គឺយើងអាចបន្ថយការស្លាប់របស់អ្នកជំងឺ និងទុកឱកាសឲ្យក្រុមគ្រូពេទ្យឯកទេសបញ្ជូនអ្នកជំងឺទៅសង្រ្គោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។