2025-05-28 13:21
33

សៀមរាប៖ ក្រោយផ្ទុះការរិះគន់ពីអ្នកដំណើរលើករណីក្រុមហ៊ុនផ្លូវយកប្រាក់ពេលដើរចេញព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ក្នុងម្នាក់២ដុល្លារ លោក ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា៖ «លោកបានទំទាក់ទំទងទៅក្រុមហ៊ុន និងឲ្យផ្អាកបណ្តោះអាសន្ន យកប្រាក់ពីភ្ញៀវដែលដើរចេញ ហើយប្រហែលជាខាងក្រុមហ៊ុនមានការយល់ច្រឡំ និងបានឱ្យកែសម្រួលឡើងវិញ»។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញថា បុរសម្នាក់ ដែលធ្វើការបង្ហោះឃ្លីបវីដេអូលើគណនីហ្វេសបុកឈ្មោះ «Cheak Chuom» ដោយសរសេរចំណងថា «ព្រលានយន្តហោះ ខេត្តសៀមរាប - ហេតុអ្វីបានជាភ្ញៀវបរទេស រឺ ជនជាតិខ្មែរយើងត្រូវបង់លុយ $2/8000៛ ពេលដើរចេញមកខាងក្រៅ បរិវេណ ព្រលានយន្តហោះ??? មានបងប្អូនណាអាចជួយពន្យល់ផងបានទេ?»។ 

ម្ចាស់គណនីដដែលបានរៀបរាប់ថា «លោកបានធ្វើសំណើរចេញពីប្រទេសថៃ មកកម្ពុជាវិញ និងបានចុះនៅព្រលានយន្តអន្តរជាតិថ្មីសៀមរាប ពេលដើរចេញតាមផ្លូវ ត្រូវបានគេឱ្យរូបគាត់បង់ប្រាក់ ចំនួន ២ដុល្លារ ឬ ៨០០០ពាន់រៀល បានធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោកធ្លាប់ហោះហើរទៅកាន់ប្រទេសជាច្រើន ប៉ុន្តែមិនដែលមានការយកលុយបែបនេះទេ […]។ ចំពោះការធ្វើវីដេអូនេះលោកគ្រាន់ចង់ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋបានដឹង និងចង់សួរអ្នកពាក់ព័ន្ធថា ការយលលុយនេះ គឺជាច្បាប់ ឬយ៉ាងណា? ចុះបើភ្ញៀវបរទេសយកបញ្ហនេះទៅផ្សព្វផ្សាយវាប៉ះពាល់ដល់កម្ពុជាប៉ុណ្ណា»។

ក្រោយផ្ទុះករណីយកលុយពីអ្នកដំណើរដើរតាមផ្លូវចេញពីព្រលានយន្តហោះអន្តរជាតិថ្មីសៀមរាបនេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀម បានចេញមកបញ្ជាក់ថា៖ «ក្រុមការងារបានធ្វើការលើករណីនេះហើយ យោងហេតុផលរបស់ក្រុមហ៊ុនហៃវ៉េគេបានប្រាប់ថា អ្នកមកយក គឺបានប្រើប្រាស់ផ្លូវរបស់គាត់ទោះជាមិនបានចូលតាមច្រកមកក្នុងក៏ដោយ»។

លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបានឱ្យក្រុមការងារទាក់ទងសម្របសម្រួលបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ផ្លូវគាត់មិនទាន់គ្រប់គ្រាន់ល្អ នៅជាផ្លូវខេត្តផងផ្លូវហៃវេផង ដែលរាល់ថ្ងៃមានបងប្អូនអ្នកស្រុកភូមិប្រើប្រាស់ប្រចាំថ្ងៃ និងបងប្អូនដឹកភ្ញៀវបានប្រើដែរ។ ខ្ញុំគិតថាជាការយល់ច្រលំរបស់ក្រុមហ៊ុនដែលតម្រូវអោយកែសម្រួលឡើងវិញ»។

ពាក់ព័ន្ធករណីយកលុយពីអ្នកដំណើរដើរតាមផ្លូវក្នុងព្រលានយន្តហោះនេះ លោក ប្រាក់ សោភ័ណ មានចំណាត់ការបន្ទាន់ ចំនួន ២ គឺ៖ «ទី- ឱ្យផ្អាកបណ្តោះអាសន្នការយកប្រាក់ពីភ្ញៀវដែលដើរចេញ និងទី២- ក្រុមការងារកំពុងធ្វើការជាមួយក្រុមហ៊ុន ដើម្បីបញ្ជាក់គ្នាឱ្យច្បាស់ ដើម្បីភាពងាយស្រួលដល់អ្នកទៅទទួលភ្ញៀវ និងភ្ញៀវដែលចេញចូលប្រើប្រាស់ព្រលានសៀមរាប»។

លោក ប្រាក់ សោភ័ណ សូមអរគុណបងប្អូនទាំងអស់ដែលតែងតែបារម្ភពីផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តយើង។ លោកក៏សូមអរគុណដែលកន្លងមកបងប្អូនបានជួយទប់ស្កាត់ការបង្ហោះរូបភាព និងពត៌មានមិនល្អដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខេត្តសៀមរាបផងដែរ៕