
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ការដោះស្រាយសំណើររបស់បងប្អូននៅក្រុមហ៊ុន ដាប់ប៊ែលយូភី ស្ព័ត នៅខេត្តស្វាយរៀង ឈានទៅរកភាពវិជ្ជមាន និងឈានទៅធ្វើការដូចប្រក្រតីវិញ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ»។
លោក ស៊ុន មេសា អ្នកនាំពាក្រសួងការងារ បានលើកឡើង នារសៀលថ្ងៃទី២៦ ខែឧសភានេះថា៖ ក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរការងារខេត្តស្វាយរៀង និងអ្នកជំនាញជំនាញតាំងពីព្រឹកមិញនេះ បានចុះទៅដោះស្រាយ និងសម្របសម្រួលសំណើរ របស់បងប្អូនកម្មករនិយោជិត និងភាគីពាក់ព័ន្ធនៅ ក្រុមហ៊ុន ដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា) ឯ. ក ស្ថិតនៅខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥នេះ។
មន្ត្រីអ្នកនាំពាក្យបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ភាគីពាក់ព័ន្ធបានចូលរួមដោះស្រាយដោយស្មារតីយោគយល់គ្នា ស្និទ្ធស្នាល ដើម្បីឈានទៅធ្វើការដោយប្រក្រតីភាពវិញ។ សំណើ និងសំណូមពរទាំងសងខាង ត្រូវបានក្រសួងយកចិត្តទុកដាក់ និងផ្តល់ដំណោះស្រាយមួយសមរម្យដែលអាចទទួលបានទាំងអស់គ្នា ដែលស្របទៅតាមច្បាប់»។
សូមជម្រាបថា កម្មករ-កម្មករិនី រោងចក្រផលិតសម្ភារៈកីឡា ប្រមាណជាង ៩០០នាក់ នៃក្រុមហ៊ុន WP SPORTS (CAMBODIA) CO,.LTD មានទីតាំងស្ថិតនៅ ភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំគ្នាធ្វើកូដកម្មតវ៉ាទាមលក្ខខណ្ឌការ ចំនួន ០៣ចំណុច រួមមាន ទី១៖ ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ប្រាក់ថ្លៃទឹកបោះគោកូន។ ២៖ ស្នើសុំឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យស្រីមានមានផ្ទៃពោះ និងទើបសម្រាកកូន ចេញមុនម៉ោងការងារ៣០នាទី និងទី៣៖ ស្នើសុំឱ្យក្រុមហ៊ុនរៀបចំផ្គត់ផ្គង់ទឹកហូបឱ្យបានគ្រប់គ្រាន់៕

