
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញក្នុងពិធីទទួលសព កងទ័ពមួកខៀវកម្ពុជា ចំនួន ០២រូប នៅក្នុងជួរកងអនុសេនាធំរាជអាវុធហត្ថលេខ ៨៧២ ដែលបានទទួលពលីជីវិត ក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព ក្រុមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប ដែលបានទទួលពលី ក្នុងឧបទ្ទវហេតុផ្ទុះអាវុធ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅទីក្រុង Malakal នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង គឺកញ្ញាអនុសនីយ៍ឯក ដួង ម៉ាហ្គាលី និងលោកអនុសេនីយ៍ទោ ផាក មុន្នី នាយទាហាន។
ពិធីទទួលសព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺប្រារព្វតាមពិធីតាមបែបកងទ័ព និងតាមបែបពិធីសាសនា ដែលមានការជួបជុំ នាយទាហាន នាយទាហានរង ពលទាហាន និងបង្អូនសាច់ញ្ញាតិនៃសព មានការនិមន្តព្រះសង្ឈបង្សុកូល រំកិលមឈូសសព ពិធីហែទង់ជាតិកម្ពុជា និង ទង់អង្គការសហប្រជាជាតិ គ្របលើមឈូស និងធ្វើយុទ្ធដំណើរសពពីព្រលានយន្តហោះ VIP ទៅកាន់កន្លែងប្រារព្ធពិធីសពនៅវត្តជម្ពូវ័ន នៅរាធានីភ្នំពេញ និងវត្តក្បាលកោះ ក្រុងអរីយក្សត្រ ខេត្តកណ្តាល។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ និងសាច់ញាតិសព របស់ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនទាំង២រូប បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា កម្ពុជា មានកងរកម្លាំងរក្សាសន្តិភាព ចំនួន ៦២៧នាក់ ក្នុងនោះមាននារី ចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង អាហ្វឹ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហោ្គផងដែរ៕








