2025-05-26 16:52
91

ភ្នំពេញ៖ មន្ត្រីនគរបាល ចំនួន ០២រូប នៃអធិការដ្ឋាននគរបាលស្រុកបវេល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ យកលុយរាប់ម៉ឹនដុលា្លរ ជាថ្នូរនឹងការដោះលេងជនជាតិថៃ ក្នងករណីប្រព្រឹត្តបទល្មើស។

តាមប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ មន្ត្រីនគរបាល ចំនួន ០២រូប មានឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ ៣៨ឆ្នាំ ឋាន្តរស័ក្តិវរសេនីយ៍ទោ មានតួនាទី ជា «អធិការរង» និងឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ច ACU បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

តាមប្រភពបង្ហើបថា មន្រ្តីនគរបាលទាំង០២រូប ជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ 

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃនេះថា៖ ជនសង្ស័យជាមន្ត្រីនគរបាលទាំង០២នាក់ ត្រូវបានចោទប្រកាន់ ពីបទ៖ «ប៉ុនប៉ងសូកប៉ាន់» និងបទ៖ «សម្អាតប្រាក់» តាមមាត្រា ៣២ នៃច្បាប់ ស្តីពី ប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង០២នាក់ ត្រូវបានតំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស រងចាំចំណាក់ការបន្តតាមនិតិវិធីច្បាប់៕