
មានការរិះគន់ពីអ្នកកាន់សាសនាកាតូលិកមួយចំនួន ទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់មានការបង្ហោះរូបភាពដែលបង្កើតឡើងដោយ AI ដែលដាក់រូបលោកជាសម្តេចប៉ាប។
រូបភាពដែលត្រូវបានចែករំលែក ដោយគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់សេតវិមានបានធ្វើឡើង នៅពេលដែលខាងអ្នកកាន់សាសនាកាតូលិកបានកាន់ទុក្ខចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប Francis ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី 21 ខែមេសា កន្លងទៅនិងបានធ្វើការរៀបចំជ្រើសរើសសម្តេចសង្ឃបន្ទាប់។
ក្នុងនោះសន្និសីទកាតូលិករដ្ឋញូវយ៉កបានចោទប្រកាន់លោក Trump ថាបានចំអកឱ្យជំនឿ។
ហើយការបង្ហោះនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបាននិយាយលេងសើចជាមួយអ្នកសារព័ត៌មានថា៖ «ខ្ញុំចង់ក្លាយជាសម្ដេច ប៉ាប»។
បន្ទាប់ពីមានការបង្ហោះនូវរូបភាព AI ខាងលើនេះ បណ្ដាអ្នកលេងតាមបណ្ដាញសង្គមជាច្រើនបានធ្វើការសើចចំអក និងរិះគន់ចំពោះ លោក ត្រាំ យ៉ាងខ្លាំង។
ក្នុងនោះក៏មាន អ្នកសរសេរជាភាសាអ៊ីតាលីនៅលើសង្គម X ថា "នេះគឺជារូបភាពដែលប្រមាថអ្នកជឿ ប្រមាថស្ថាប័ន។
ប៉ុន្តែភ្លាមៗសេតវិមានក៏បានច្រានចោល រាល់ការលើកឡើងដែលថាប្រធានាធិបតីអាមេរិករូបនេះកំពុងលេងសើចនឹងសម្តេចប៉ាប។
ដោយលេខាធិការសារព័ត៌មាន Karoline Leavitt បាននិយាយថា "ប្រធានាធិបតី Trump បានហោះហើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីគោរពដល់សម្តេច Pope Francis និងចូលរួមពិធីបុណ្យសពរបស់គាត់ថែមទៀតផង។
គួរបញ្ជាក់ឲ្យដឹងថា លោក Trump មិនមែនជាប្រធានាធិបតីទីមួយទេដែលត្រូវបានគេចោទប្រកាន់ពីបទចំអកដល់ជំនឿកាតូលិកនោះទេ។
ប៉ុន្តែក្នុងនោះក៏មានអតីតប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ ដែលធ្លាប់ត្រូវបានគេចោទប្រកាន់កាលពីឆ្នាំមុន នៅពេលដែលគាត់បានធ្វើសញ្ញានៃឈើឆ្កាងនៅឯការជួបជុំមួយក្នុងរដ្ឋ Florida៕
