
ថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) បានធ្វើការបញ្ជាក់ពីចំនួននៃការស្លាប់របស់មនុស្ស ដែលបង្ករឡើងដោយជំងឺម្យ៉ាងដែលមានឈ្មោះថា អង់ត្រាក់ (Anthrax) ឬហៅម្យ៉ាងទៀតថា ឈាមខ្មៅ ឬពិសធ្យូង ដែលស្ថិតនៅក្នុងខេត្តមុកដាហាន ដោយជំងឺនេះកើតឡើងដោយសារតែការទទួលទាននិងការចែកចាយសាច់គោក្នុងពិធីបុណ្យសាសនា។
ក្នុងនោះដែរ មនុស្សសរុបចំនួន ២៤៧ នាក់កំពុងស្ថិតក្រោមការតាមដានសុខភាពពីគ្រូពេទ្យ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ The Nation កាលពីថ្ងៃ ព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ ២០២៥។
បើយោងតាមលោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ម្សិលមិញនេះថា មានមនុស្សម្នាក់បានស្លាប់ដោយសារជំងឺ anthrax នៅខេត្តមុកដាហាន។
ដោយជនរងគ្រោះជាកម្មករសំណង់ ភេទប្រុស អាយុ៥៣ឆ្នាំ មានជំងឺទឹកនោមផ្អែម។ យោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតខាងលើបានបញ្ជាក់ថា អ្នកជំងឺបានកើតដំបៅនៅដៃស្តាំកាលពីថ្ងៃទី២៤ ខែមេសា ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែមេសា។
ហើយរោគសញ្ញារបស់អ្នកជំងឺខាងលើកាន់តែអាក្រក់ទៅៗ ដោយមុខរបួសប្រែជាខ្មៅ ហើមកូនកណ្តុរនៅក្រោមក្លៀកខាងស្តាំ និងដួលសន្លប់ រួមទាំងប្រកាច់មុនពេលគាត់ស្លាប់អំឡុងពេលព្យាបាលទៀតផង។
ពេលនេះ អាជ្ញាធរស្រុក ដូនតានន់ ខេត្តមុកដាហាន បានប្រកាសបិទខ្ទប់ជំងឺអង់ត្រាក់ បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់បានស្លាប់ ដោយសារតែជំងឺនេះ (ហូបសាច់គោឆៅក្នុងពិធីបុណ្យមួយ)។
ដើមហេតុដំបូងដែលបង្ករឲ្យកើតមានជំងឺនេះឡើង ដោយសារតែមានការសម្លាប់សត្វគោមួយក្បាលក្នុងអំឡុងពេលពិធីបុណ្យសាសនាមួយ។ ហើយសាច់គោនោះក៏ត្រូវបានមានការចែកចាយចែកគ្នាបរិភោគនៅក្នុងភូមិ។ ក្រោយពីបរិភោគហើយ ក្នុងនោះក្រុមត្រួតពិនិត្យជំងឺរួមគ្នាពី DDC នៃការិយាល័យភូមិភាគទី 10 នៅខេត្ត Ubon Ratchathani ការិយាល័យសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍បសុសត្វបានធ្វើការត្រួតពិនិត្យ និងបានកំណត់អត្តសញ្ញាណបុគ្គលដែលមានហានិភ័យចំនួន 247 នាក់ ក្នុងចំណោមនោះ មនុស្ស 28 នាក់ បានចូលរួមក្នុងការសំលាប់ និង 219 នាក់ផ្សេងទៀត បានទទួលទានសាច់គោឆៅនោះ។
គួរបញ្ជាក់ឲ្យដឹងថា ជំងឺអង់ត្រាក់ (Anthrax) ឬហៅម្យ៉ាងទៀតថា ឈាមខ្មៅ ឬពិសធ្យូងនេះ ជាជំងឺម្យ៉ាងដែលវាអាចឆ្លងទៅលើសត្វចៃដូចជា គោ ក្របី ពពែ និងចៀមជាដើម។
ហើយវាក៏អាចឆ្លងទៅកាន់មនុស្សតាមរយៈការប៉ះផ្ទាល់ ការបរិភោគសាច់ឆៅ ឬមិនទាន់ឆ្អិន រួមទាំងការប៉ះពាល់នឹងកន្លែងដែលមានមេរោគ ឬរោមចៀមផងដែរ។
ចំពោះរោគសញ្ញានៃជំងឺនេះជាធម្មតាលេចឡើងក្នុងរយៈពេលពី 1-5 ថ្ងៃ រួមមានគ្រុនក្តៅ ក្អួត ចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដំបៅដូចជាដំបៅខ្មៅ និងពិបាកដកដង្ហើមជាដើម។
ហើយប្រសិនជាគ្មានការព្យាបាលទេ អត្រាស្លាប់អាចឡើងដល់ 80% ឯណោះ៕
